• Cambodia Peace Channel

CPC-សមាគមកីឡាបាល់ទាត់ថៃ ចេញសេចក្តីថ្លែងការណ៍ ជុំវិញបាតុភាពនៅលើទីលានក្នុងជំនួបជាមួយឥណ្ឌូនេស៊ី

ភ្នំពេញ៖ មិនដល់រយៈពេល២៤ម៉ោងផង សមាគមកីឡាបាល់ទាត់ថៃបានចេញសេចក្តីថ្លែងការណ៍ ជុំវិញបាតុភាពនៅលើទីលានក្នុងជំនួបជាមួយឥណ្ឌូនេស៊ី ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។

ជាក់ស្ដែងយោងតាមផេកផ្លូវការរបស់ សមាគមកីឡាបាល់ទាត់ថៃ FA Thailand បានបង្ហោះសេចក្តីថ្លែងការណ៍ ដែលមានខ្លឹមសារទាំងស្រុងថា៖

សមាគមបាល់ទាត់ថៃ យើងខ្ញុំសូមចូលរួមសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងក្នុងការប្រកួតកីឡាបាល់ទាត់ស៊ីហ្គេម ដែលជាការប្រកួតចុងក្រោយរវាងក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិឥណ្ឌូណេស៊ី នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣។

ចំពោះលទ្ធផលនៃការប្រកួតនេះ សមាគមជឿជាក់ថាក្រុមជម្រើសជាតិថៃ អាចឡើងទៅវគ្គផ្ដាច់ព្រ័ត្រជាមួយទម្រង់លេងដែលនៅមានការប៉ះប៉ូវបន្ថែមទៀត។ បើទោះបីបានឈ្នះមេដាយប្រាក់ក្នុងការប្រកួតនេះក្តី ប៉ុន្តែនេះមិនទាន់ជាជោគជ័យដូចការរំពឹងទុករបស់អត្តពលិក និងគ្រូបង្វឹកនៅឡើយទេ ប៉ុន្តែបាល់ទាត់ជាកីឡាដែលមានការប្រកួតប្រជែង តែងមានអ្នកឈ្នះហើយមានអ្នកចាញ់ ដែលត្រូវត្រឡប់មកវិញ ដើម្បីហ្វឹកហាត់បន្ថែម ត្រៀមខ្លួនត្រឡប់ទៅប្រកួតម្ដងទៀត។

សមាគមក៏សូមសម្តែងការខកចិត្ត និងសូមអភ័យទោសចំពោះភាពចលាចលនៅក្នុងទីលាន ដែលបានកើតឡើងអំឡុងពេលប្រកួត ក្រោមក្រសែភ្នែករបស់ទស្សនិកជន ទាំងក្នុងទីលាន និងអ្នកគាំទ្របាល់ទាត់ជុំវិញពិភពលោក ដែលធ្វើឲ្យបាក់មុខយ៉ាងខ្លាំងដល់ក្រុមបាល់ទាត់ជម្រើសជាតិថៃ ជាពិសេសក្រុមគ្រូបង្វឹកដែលចាត់ទុកជាបុគ្គលិកដែលត្រូវរក្សាមុខមាត់ជាតំណាងប្រជាជនថៃ។ រាល់នាទីនៃកាតព្វកិច្ច ត្រូវតែរក្សាភាពចាស់ទុំ ការអត់ធ្មត់នៅក្រោមការប្រកួតប្រជែងដែលមានសម្ពាធខ្ពស់។

ជាមួយគ្នានេះ សមាគមកីឡាបាល់ទាត់ថៃបានបញ្ជាក់បន្ថែមថា នឹងបង្កើតគណៈកម្មាធិការមួយ ដើម្បីស៊ើបអង្កេតអ្នកពាក់ព័ន្ធទាំងអស់ដើម្បីស្វែងរកការពិតនៃភាពចលចលដែលបានកើតឡើង ហើយនឹងមានការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ដោយគ្មានការលើកលែង ចំពោះការបង្កឧប្បត្តិហេតុនេះនៅពេលក្រុមកីឡាករត្រឡប់ដល់ប្រទេសថៃវិញ៕