• Cambodia Peace Channel

CPC-បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីទាក់ដៃចង្កូតម៉ូតូដួលចូលក្រោមកង់រថយន្តដឹកត្រី

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗ ខណៈជិះម៉ូតូមួយគ្រឿងទាក់ដៃចង្កូតជាមួយរថយន្តមួយគ្រឿងដែលកំពុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យដួល ហើយត្រូវបានរថយន្តដឹកត្រីកិនពីក្រោយ កាលពីវេលាម៉ោង ១២ និង៣០នាទីយប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតតាមបណ្តោយផ្លូវលេខ២៧១ ត្រង់ចំណុចក្បែពេទ្យ មន្ទីពេទ្យមិត្តភាព ខ្មែរសូវៀត ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ នេន សុវណ្ណរ៉ា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅសង្កាត់ចោមចៅ២ មូលដ្ឋានខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានបញ្ជាក់ឲ្យដឹងថាមុនពេលគាត់ហេតុគេបានឃើញ បុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាក សង់ឌ្រីម ស៊េរីឆ្នាំ២០២៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KB-5700 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាក ដែលធ្វើដំណើរពីមុខម៉ូតូ ដែលកំពុងបត់ត្រឡប់ក្រោយ ពេលកំពុងបត់ម៉ូតូជនគ្រោះក៏បានជ្រុលល្បឿនទាក់ដៃចង្កូតជាមួយគូថឡានរបស់រថយន្តដែលបានបត់ត្រឡប់ក្រោយនោះ បណ្ដោយដួលត្រូវបានត្រូវបានរថយន្តដឹកត្រី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3F-6575 ដែលធ្វើដំណើពីក្រោយម៉ូតូ បុកកិនជនរងគ្រោះជាម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែងកើត បន្ទាប់មក តៃកុងរថយន្តដឹកត្រីបានចុះពីលើរថយន្តរួចរត់គេចខ្លួន បន្សល់ទុកតែ រថយន្តនៅកន្លែងកើតហេតុតែប៉ុណ្ណោះ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាន រួមកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក ចុះមកដល់ទីតាំងកើតហេតុរួចធ្វើការវាស់វែង និងធ្វើលិខិតប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី  ៕