• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បុរសម្នាក់បានស្លាប់ភ្លាមៗ បន្ទាប់ពីត្រូវរថយន្តបើកបុកផ្ទប់នឹងតូបកាហ្វេ

ភ្នំពេញ៖ បុរសចំណាស់វ័យប្រហែល៦៣ឆ្នាំ ត្រូវរថយន្តរថយន្ត បើកមកបុកផ្ទប់តូបកាហ្វេ​ បណ្តាលឲ្យស្លាប់ភ្លាមៗ ខណៈកំពុងជិះម៉ូតូ សំដៅទៅមន្ទីរពេទ្យ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤  ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ម្តុំវត្តជុំ ស្ថិតនៅផ្លូវបំបែកជា៣ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ដែលមានឈ្មោះ នួន វណ្ណារិទ្ធ ភេទប្រុស វ័យ៦៣ឆ្នាំ ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលស្ថិតនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញបុរសរងគ្រោះ កំពុងបើកបរម៉ូតូ១គ្រឿង រីឯប្រពន្ធរបស់គាត់ កំពុងបើកបរម៉ូតូ១គ្រឿងដូចគ្នាតាមពីក្រោយ ដោយបុរសរងគ្រោះធ្វើដំណើរមកមុន រាងឆ្ងាយជាងប្រពន្ធបន្តិច។

លុះបុរសរងគ្រោះខាងលើជិះម៉ូតូមកដល់ចំណុចតូបខាងហ្វេ ដែលមានស្លាកយីហោ រ៉ានីកាហ្វេ ត្រង់ចំណុចផ្លូវបំបែកជាបី ក៏ស្រាប់តែឃើញរថយន្តបង្ក បើកបរក្នុងល្បឿនលឿន ដោយរថយន្តមានម៉ាក FORD RAPTOR ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2BL-6655 បើកបរដោយបុរសម្នាក់ វ័យចំណាស់ដូចគ្នា សង្ស័យស្ថិតក្នុងស្ថានភាពស្រវឹង បានបើកសំដៅមករកគាត់។

ឃើញដូចនេះ បុរសរងគ្រោះបានបន្ថយល្បឿន រួចបើកភ្លើងស៊ីញ៉ូសុំផ្លូវមុនបត់ស្តាំ រួចចាំរថយន្តបង្កទៅអោយផុតសិន នឹងអាលធ្វើដំណើរបន្ត តែជាអកុសល រថយន្តបង្កមិនបានបត់ទៅឆ្វេង ឬស្តាំនោះទេ គេបើកសំដៅទៅបុកបុរសរងគ្រោះ ទាំងកំរោលបណ្តាលឲ្យមនុស្ស និងម៉ូតូនៅក្រោមកង់រថយន្ត រហូតដាច់ខ្យល់ស្លាប់តែម្ដង

បន្ទាប់ពីបុករួចប្រជាពលរដ្ឋនាំគ្នាឃាត់ម្ចាស់រថយន្ត ព្រមទាំងបានទាក់ទងទៅកាន់សមត្ថកិច្ច ដើម្បីឃាត់ខ្លួនម្ចាស់រថយន្ត យកទៅធ្វើការសាកសួរបន្តតាមនីតិវិធីច្បាប់ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោករកា។

ក្រោយកើតហេតុ សមត្ថកិច្ចជំនាញ ធ្វើការវាស់វែង និងយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយតាមនីតិវិធីច្បាប់ ដោយឡែកសាកសពត្រូវបានក្រុមគ្រួសារមកទទួលដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕