• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បង្រ្កាបទីតាំង KTV HuaDu ពាក់ព័ន្ធករណីលួចលាក់ប្រើប្រាស់សារធាតុញៀន ព្រមទាំងឃាត់ខ្លួនមនុស្សប្រមាណ៤២នាក់

ភ្នំពេញ ៖ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើការបង្រ្កាបទីតាំង ខេធីវីយីហោ ហោឌូ ដែលលួចលាក់ប្រើប្រាស់សារធាតុញៀន រួមទាំងឃាត់ខ្លួនមនុស្សប្រុសស្រី ៤២នាក់ និង ដកហូតបានក្រាមសថ្លាប្រមាណជាង០២គីឡូក្រាម ហេតុការណ៏នេះបានកើតឡើងនាវេលាម៉ោង ០១រំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅចំណុច ខេធីវី ហោឌូ( KTV HuaDu ) ក្បែរនិងស្ពានអាកាសផ្សាដីហ៊ុយ តាមបណ្តោយផ្លូវ ណ័តប្រ៊ីត ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រតិបត្តិការណ៏ចុះបង្រ្កាបនេះដែរ គឺអនុវត្តតាមបទបញ្ជា ឯកឧត្តម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, ឯកឧត្តម នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ និងឯកឧត្តម ឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំដោយផ្ទាល់ របស់ឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។

បើតាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា កម្លាំងសមត្ថកិច្ចបានដាក់ការសង្ស័យទីតាំង ខេធីវី យីហោ ហោឌូ នេះជាយូរមកហើយ ។ រហូតមកដល់យប់ថ្ងៃទី១៧ ទើបសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន បានដាក់កម្លាំងពង្រាយ ព័ទ្ធទីតាំងខាងលើទាំងស្រុងផងដែរ ។ ជាក់ស្តែងក្នុងវង្វង់ប្រតិបត្តិការណ៏នេះដែរ ជាលទ្ធផលបានធ្វើ ឃាត់ខ្លួនមនុស្សប្រុសស្រីខ្មែរនិងចិន ចំនួន៤២នាក់ ក្នុងនោះស្រី ១៨នាក់ ។ ចំពោះវត្ថុតាង ដកហូតបាននូវក្រាមសថ្លា សង្ស័យសារធាតុញៀន ចម្រុះប្រមាណជាង ០២គីឡូក្រាម ។

ក្រោយកើតហេតុ សមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនមនុស្សប្រុសស្រី ទាំង៤២នាក់ រួមនិងវត្ថុតាងទៅកាន់មន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕