• Cambodia Peace Channel

យ៉ាងម៉េចចេះ ! Samsung Galaxy Fold ត្រូវបានគេរកឃើញថា មានបញ្ហាអេក្រង់

ញូយ៉ក៖ទូរស័ព្ទ Samsung Galaxy Fold ថ្មី ដែលមានតម្លៃរហូតដល់ ១៩៨០ដុល្លារអាមេរិក ត្រៀមខ្លួនចូលទីផ្សារអាមេរិកនៅថ្ងៃទី២៦ ខែមេសា ខាងមុខនេះ ត្រូវបានគេបង្ហោះនៅតាមបណ្តាញសង្គមថា មានភាពមិនប្រក្រតីនៅលើអេក្រង់ ។

យោងតាមសារព័ត៌មាន Reuter ផ្សាយថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ថា យោងការបង្ហោះនៅលើបណ្តាញសង្គម Twitter របស់ក្រុមអ្នកសារព័ត៌មានបច្ចេកវិទ្យាមួយចំនួនដូចជា Bloomberg , The Verge និងស្ថានីយទូរទស្សន៍ CNBC ជាដើម បានផ្សាយថា ទូរស័ព្ទ Samsung Galaxy Fold ថ្មីនេះ មានបញ្ហាអេក្រង់ដែលក្រុមហ៊ុនព្យាយាមបិទបាំង ។

អ្នកយកព័ត៌មាន Bloomberg លោក Mark Gurman បានសរសេរថា “អេក្រង់នៅលើឧបករណ៍ពិនិត្យទូរស័ព្ទ Galaxy Fold របស់ខ្ញុំត្រូវបានខូចទាំងស្រុង ហើយមិនអាចប្រើបានក្នុងរយៈពេលត្រឹមតែពីរថ្ងៃ ។ ពិបាកនឹងដឹងណាស់ថា តើវារីករាលដាលឬអត់ ។” លោកបានយកស្រទាប់ផ្លាស្ទិចនៅលើអេក្រង់ចេញ ហើយស្រាប់តែទូរស័ព្ទមិនបានដំណើរការទេ ។

លោក Dieter Bohn និពន្ធនាយកនៃកាសែត The Verge បាននិយាយថា ការរីករាលដាលតូចៗបានលេចឡើងនៅលើអេក្រង់ទូរស័ព្ទ ដែលមើលទៅហាក់ដូចជាអ្វីមួយដែលចុចពីក្រោមអេក្រង់ ។

គួរជម្រាបថា បញ្ហានៃទូរស័ព្ទថ្មីនេះ គេបានប្រៀបធៀបដែលវាដូចទៅនឹងទូរស័ព្ទ Galaxy Note ៧ របស់ក្រុមហ៊ុន Samsung កាលពីឆ្នាំ២០១៦ ដែលបានបង្កកំហុសមួយដ៏ធំ គឺការផ្ទុះថ្មទូរស័ព្ទ ធ្វើឱ្យក្រុមហ៊ុន Samsung ខាតរាប់លានដុល្លារ ៕

ដោយ៖វីរ៉ា វីន