• Cambodia Peace Channel

ម៉ាត់ សាក់រ៉វី ខិតខំហ្វឹកហាត់ទ្វេដង ដើម្បីជួយក្លិបក្នុងការដណ្តឹមពាន និងរំពឹងជាប់ជម្រើសជាតិវិញ

ភ្នំពេញ៖គេសង្កេតឃើញថា ខ្សែប្រយុទ្ធក្លិបវិសាខា កីឡាករ ម៉ាត់ សាក់រ៉វី បានបង្ហាញខ្លួននៅលើទីលានហ្វឹកហាត់ជាមួយក្រុមឡើងវិញ ក្រោយមានការខកខានមួយរយៈធំ ដោយសារតែបញ្ហារបួសជង្គង់ អំឡុងពេលបំពេញភារកិច្ចជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោមអាយុ ២២ឆ្នាំ ក្នុងព្រឹកត្តិការណ៍ពានរង្វាន់ AFF U-22 Championship 2019 កាលពីចុងខែកុម្ភៈកន្លងទៅ។

ជុំវិញបញ្ហានេះដែរ ខ្សែប្រយុទ្ធខ្មែរឥស្លាម មានដើមកំណើតនៅខេត្តកោះកុងរូបនេះ​ ប្រាប់សារព័ត៌មាន CPC NEWS ថា “របួសជង្គង់របស់ខ្ញុំបានជាសះស្បើយហើយ” ។ ដោយឡែកការជាប់ជម្រើសជាតិវិញ ខ្ញុំមិនហ៊ានរំពឹងទុកទេ ដោយសារខ្ញុំទើបជាសះស្បើយពីរបួស និងខ្វះកម្លាំងប៉ុន្តិចបន្តួច ប៉ុន្តែខ្ញុំនឹងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីឲ្យគ្រូជម្រើសសម្លឹងឃើញពីការខិតខំប្រែងរបស់ខ្ញុំ ដើម្បីជាប់ជម្រើសជាតិឡើងវិញ។

សូមជម្រាបថា នេះជារបួសលើកទី២ ហើយសម្រាប់កីឡាករ ម៉ាត់ សាក់រវី ធ្វើការវះកាត់ជង្គង់ ដោយលើកទី១ វះកា​ត់ជង្គង់ខាងឆ្វេង កាលពីឆ្នាំ២០១៧ ។ សម្រាប់របួសជង្គង់លើកទី២ នេះ ម៉ាត់ សាក់រ៉វី ត្រូវបង្ខំដូរចេញភ្លាមៗត្រឹមនាទីដំបូងក្នុងការបង្ហាញខ្លួនឲ្យ U22 ហើយកីឡាកររូបនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ និងបន្តធ្វើដំណើរទៅវះកាត់នៅប្រទេសវៀតណាម៕