• Cambodia Peace Channel

CPC-កម្លាំងនគរបាលជំនាញប្រើពេល៦ថ្ងៃ បំបែកសំណុំរឿងឃាតកម្ម កូនចុង ចាក់សម្លាប់ឪពុកចុង

បាត់ដំបង៖នៅបំផុត ឃាតករដែលមានបានចាក់សម្លាប់បុរសម្នាក់ ជាឪពុកចុងរបស់ខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានហើយនៅចំណុច ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស  ថេត  អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន, ប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌ និងបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងបង្ក្រាបដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ធ្វើការស្រាវជ្រាវតាមជំនាញនីតិវិធី រហូតកំណត់បានអត្តសញ្ញាណជនសង្ស័យ និងទីកន្លែងលាក់ខ្លួន ដោយបានសហការជាមួយកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ និង អធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត អធិការដ្ឋាននគរបាលស្រុកវាលវែង ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣  វេលាម៉ោងប្រហែល ១៨ និង ៤០នាទី នៅចំណុចក្រុមទី៩ ភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង មានករណី ឃាតកម្ម កើតឡើង  ដែលបង្កឡើងដោយឈ្មោះ វណ្ណាវី វច្ចណះ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិ សាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ត្រូវជាកូនចុង) បានធ្វើសកម្មភាព ប្រើប្រាស់កាំបិត ស (ចិតតបន្លែ)ចាក់សម្លាប់ លើជនរងគ្រោះឈ្មោះ ហៃ សុភក្រ្តិ ភេទប្រុស អាយុ៦៥ ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង (ឪពុកចុង) បណ្តាលអោយស្លាប់បន្ទាប់ពីបានធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួនបាត់ ។

តាមចម្លើយសារភាពរបស់ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា  មូលហេតុឈានដល់ការចាក់សម្លាប់នេះដោយសារតែក្រុមគ្រួសារខ្លួនមិនពេញចិត្តក្នុងការស់នៅជាមួយនឹងឪពុកចុងរបស់ខ្លួន ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ជូនមកកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត ៕