• Cambodia Peace Channel

CPC-ភ្ញៀវទេសចរជិត៨ម៉ឺននាក់ បានមកទស្សនាពិព័រណ៍ និងការសម្តែងទស្សនីយភាពសិល្បៈចម្រុះនានានៃព្រឹត្តិការណ៍រំលឹកគុណអង្គរ

សៀមរាប៖រយៈពេល១០ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃ១៦ ខែធ្នូ ឆ្នាំ២០២៣ ភ្ញៀវទេសចរជាតិ និងអន្តរជាតិសរុបជិត៨ម៉ឺននាក់ ចូលមកទស្សនាស្តង់ពិព័រណ៍ និងកម្មសម្តែងទស្សនីយភាពសិល្បៈចម្រុះ នៅខាងមុខប្រាសាទអង្គរវត្ត និងព្រះលានជល់ដំរីនៃក្រុងអង្គរធំ។ ក្នុងនោះ ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលទស្សនា រោងពិព័រណ៍របស់អាជ្ញាធរជាតិអប្សរា សរុបចំនួន ៩ ៦៤៣ នាក់ ភ្ញៀវជាតិចំនួន ៤ ៥៩៥ នាក់ (ព្រះសង្ឃ១២៦អង្គ) និងភ្ញៀវបរទេស ៥០៤៨ នាក់។
កម្មវិធីល្ខោនយីកេមហាជន ល្ខោនស្បែកធំ និងល្ខោនខោលរឿងរាមកេរ្ត៍ នៅខាងត្បូងប្រាសាទអង្គរវត្ត រយៈពេល០៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ ១៥ និង ១៦ ខែធ្នូ ឆ្នាំ២០២៣ សរុប ចំនួន ៖ ១៤៣៩ នាក់ ក្នុងនោះ ភ្ញៀវជាតិចំនួន ១៣៨៦ នាក់ (ព្រះសង្ឃ១៨អង្គ) និងភ្ញៀវបរទេសចំនួន ៣៥ នាក់។ កម្មវិធីរាត្រីចងចាំ សិល្បៈចម្រុះ ល្ខោនបុរាណពោលស្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ នៅព្រះលានជល់ដំរី ពីថ្ងៃទី១៤ ដល់១៥ និង ១៧ ខែធ្នូ ឆ្នាំ២០២៣ សរុប ចំនួន ៖ ៦៩,០០៥ នាក់ ភ្ញៀវជាតិ ៦៨ ៧០៥ នាក់ (ក្នុងនោះ កម្មវិធីរាត្រីចងចាំ មានភ្ញៀវ ៥៣ ៨២៨នាក់) និងភ្ញៀវបរទេសចំនួន ៣០០ នាក់។
សូមជម្រាបផងដែរថា ដើម្បីចូលរួមអបអរសាទរខួប៣១ឆ្នាំ នៃការចុះរមណីយដ្ឋានអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ អាជ្ញាធរជាតិអប្សរា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំប្រារព្ធពិធីបុណ្យ «រំលឹកគុណអង្គរ» នៅក្នុងតំបន់រមណីយដ្ឋានអង្គរ មានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី០៧ ដល់ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣។ ក្នុងរយៈពេល១០ថ្ងៃ នៃព្រឹត្តិការណ៍រំលឹកគុណអង្គរ ក្រៅពីការប្រារព្ធនូវពិធីបែបសាសនា ដើម្បីសម្តែងនូវការដឹងគុណ ចំពោះអង្គព្រះមហាក្សត្រខ្មែរគ្រប់ជំនាន់ និងបុព្វការីជនទាំងអស់ ដែលលោកបានខិតខំកសាង និងថែរក្សាប្រាសាទបុរាណទាំងអស់ នៅក្នុងរមណីយដ្ឋានអង្គរ ដោយបានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ជាតិមាតុភូមិតាំងពីដើមរហូតដល់សព្វថ្ងៃនេះ ក៏មានកម្មវិធីទស្សនាស្តង់ពិព័រណ៍ស្តីពីសមិទ្ធផលការងាររយៈពេល៣១ឆ្នាំ របស់អាជ្ញាធរជាតិអប្សរា ការសម្តែងទស្សនីយភាពសិល្បៈបុរាណជាច្រើនទម្រង់ ដើម្បីរួមចំណែកលើកកម្ពស់ស្នាដៃសិល្បៈបុរាណ និងផ្តល់ភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ៕