• Cambodia Peace Channel

CPC-ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យអ្នកបើករថយន្តបង្កបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤

ភ្នំពេញ៖នៅទីបំផុត ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យឈ្មោះ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ ជាអ្នកបើករថយន្តបង្កគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយមានមនុស្សស្លាប់ បង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ ។

នេះបើតាមការអោយដឹងពី ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិមធ៌ នៅរសៀល​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ ២០២៣នេះ បានបង្ហោះសារតាមបណ្ដាញសង្គមបញ្ជាក់ថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍នេះ ថ្ងៃនេះ ស្ថាប័នអយ្យការបានចេញដីកាបញ្ជាឱ្យចូលខ្លួន បង្គាប់ឱ្យជនសង្ស័យបង្ហាញខ្លូននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤។

ជាមួយគ្នានេះ លោកបានបន្ថែមថា ដីកាបញ្ជាឱ្យចូលខ្លួននេះ ក៏មានអនុភាពបញ្ជាឱ្យកម្លាំងសមត្ថកិច្ច ស្វែងរក និងនាំខ្លួនជនសង្ស័យមកកាន់អយ្យការផងដែរ ក្នុងករណីមិនព្រមចូលមកបង្ហាញខ្លួន។ ចំពោះលទ្ធផលនៃការអនុវត្តដីកាបញ្ជាឱ្យចូលខ្លួននេះ ខ្ញុំនឹងជូនព័ត៌មានបន្ថែមតាមក្រោយទៀត ។

គួររម្លឹកផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយបុរសម្នាក់បានស្លាប់ បង្កឡើងដោយរថយន្តម៉ាកJeepមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបុកជាមួយម៉ូតូ ម៉ាកហុងដាឃ្លីកពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396 ពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន ស្ថិតនៅលើផ្លូវ៣១៧ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សៀងគីមហុង ភេទប្រុស អាយុ២៩ឆ្នាំ រសនៅផ្ទះលេខ១១ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ដោយឡែកអ្នកបើករថយន្តបង្កបន្ទាប់ពីកើតហេតុរួច បានឡើងជិះរថយន្តមួយគ្រឿងទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕