• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ក្រុមការងារស្រាវជ្រាវនៃក្រសួងវប្បធម៌ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) កំពុងបន្តស្រាវជ្រាវទីតាំងយករ៉ែ និងទីតាំងផលិតលោហៈបុរាណ នៅក្នុងស្រុកឆែប

ព្រះវិហារក្រុមការងារស្រាវជ្រាវនៃ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងសាលាបារាំងចុងបូព៌ាប្រទេស (EFEO) បានសិក្សាស្រាវជ្រាវរកឃើញតំបន់សំខាន់ៗចំនួន៥ ស្ថិតក្នុងតំបន់ស្រុកឆែប ខេត្តព្រះវិហារ៖ចាប់តាំងពីឆ្នាំ២០២១​ រហូតមកដល់បច្ចុប្បន្ន។
តំបន់ទី១គឺ ត្រពាំងជាន់សន្លុង ទំហំប្រមាណជាង១០ហិកតា ដែលមានត្រពាំងបុរាណចំនួន២ ទួលអាចម៍ដែក និងទង់ដែងជាង១០០។ តំបន់ទី២គឺ ភ្នំយក្សព្រៅ ទំហំប្រមាណជាង៣៥ហិកតា ដែលមានភ្នំយក្សព្រៅតំបន់រ៉ែទង់ដែកនិងរ៉ែដែក និងមានទួលអាចម៌ដែកនិងទង់ដែងសរុបចំនួន៣០។ តំបន់ទី៣គឺ ឆែប០០១ ទំហំប្រមាណជាង៦ហិកតា ជាទីតាំងយករ៉ែដែក។ តំបន់ទី៤គឺ​ ត្រពាំងស្វាយទោល ទំហំប្រមាណជាង១០ហិកតា ដែលមានទួលអាចម៍ដែកចំនួន១០ នៅក្បែរត្រពាំងស្វាយទោល។ តំបន់ទី៥គឺ ភ្នំជ្រាប់ផ្តៅ ទំហំ៨,៥ហិកតា ជាទីតាំងយករ៉ែទង់ដែងបុរាណដ៏ធំ ដែលមានបណ្តោយប្រវែង២០០ម៉ែត្រ ទទឹងប្រវែង៦០ម៉ែត្រ និងជម្រៅរហូតដល់២៥ម៉ែត្រ។ នៅតំបន់នេះក៏ជាការដ្ឋានយកថ្មបាយក្រៀមបុរាណផងដែរ។ តំបន់យករ៉ែ និងតំបន់ផលិតលោហៈ ក្នុងស្រុកឆែប គឺជាតំបន់បេតិកភណ្ឌតែមួយគត់ ដែលមានទាំងកន្លែងយករ៉ែ និងកន្លែងផលិតទង់ដែងដំបូងគេក្នុងចំណោមតំបន់ផ្សេងៗទៀតដែលផលិតទង់ដែង សម្រាប់ផ្គត់ផ្គង់ដល់ចក្រភពអង្គរ។
បច្ចុប្បន្ននៅអាស៊ីអាគ្នេយ៍ គេរកឃើញអណ្តូងរ៉ែទង់ដែងបុរាណខ្នាតធំចំនួន៤ គឺនៅក្នុងប្រទេសថៃ នៅជ្រលងភ្នំ Khao Wong Prachan ខេត្ត Lopburi ជ្រលងភ្នំPhu Lon ខេត្ត Nong Khai ក្នុងប្រទេសឡាវ ខេត្ត Savannakhet និងនៅកម្ពុជា ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ។
សូមបញ្ជាក់ដែលថាការស្រាវជ្រាវនេះក៏មានការចូលរួមពីអ្នកជំនាញភូគព្ភវិទូ ពីប្រទេសបារាំង និងភូគព្ភវិទូមកពីក្រសួងរ៉ែនិងថាមពល និងបុរាណវិទូមកពីរាជបណ្ឌិត្យសភាកម្ពុជាផងដែរ ៕