• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី #សិល្បៈ​

CPC-អតីតអ្នកបួសជាសង្ឃម្នាក់ បានបង្រៀនយុវជនក្នុងសហគមន៍របស់ខ្លួន ឱ្យចេះជំនាញចារសាស្ត្រាស្លឹករឹត ដោយឥតគិតថ្លៃ

សៀមរាប៖ លោក ព្រាន ជ្រូក រស់នៅភូមិត្នោតជ្រុំ ឃុំដូនកែវ ស្រុកពួក ខេត្តសៀមរាប បានយកទីតាំងផ្ទះរបស់គាត់ធ្វើជាកន្លែងបង្រៀនយុវជនខ្មែរជំនាន់ក្រោយ ឱ្យចេះជំនាញចារគម្ពីរសាស្ត្រាស្លឹករឹត ក្នុងបំណងរក្សាវប្បធម៌និងសិល្បៈមួយនេះឱ្យមានអ្នកបន្តវេនយូរអង្វែងតទៅទៀត។

លោក ព្រាន ជ្រូក អាយុ២៧ឆ្នាំ ឱ្យដឹងថា លោកបានចេះជំនាញចារសាស្ត្រាស្លឹករឹតក្នុងពេលដែលរូបលោកបានបួស និងរៀននៅវត្ត «នាមរូប» ក្នុងស្រុកពួក។ បច្ចុប្បន្នលោកកំពុងប្រឹងប្រែងបង្ហាត់បង្រៀនចារសាស្ត្រាស្លឹករឹតដល់យុវជន យុវតី នៅក្នុងភូមិដោយឥតគិតថ្លៃ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ និងស្គាល់ពីតម្លៃរបស់សាស្ត្រា ដែលបុព្វបុរសខ្មែរបានប្រើប្រាស់ ចារជាគម្ពីរ ប្រវត្តិសាស្ត្រ និងក្បួនច្បាប់ផ្សេងៗជាច្រើនជាយូរលង់មកហើយ។ ការខិតខំបង្រៀនជំនាញចារសាស្ត្រាស្លឹករឹតដល់យុវជនខ្មែរជំនាញក្រោយឱ្យមានចំណេះបន្ត ដោយសារតែបច្ចុប្បន្ន ជំនាញចារសាស្ត្រាស្លឹករឹតបានបាត់បង់ទៅៗស្ទើរតែទាំងស្រុងនៅក្នុងសង្គមខ្មែរសម័យថ្មី។

លោក ព្រាន ជ្រូក បញ្ជាក់ថា ជំនាញចារសាស្ត្រាស្លឹករឹត គឺត្រូវមានចិត្តអត់ធ្មត់ ធ្វើអារម្មណ៍យើងឱ្យនឹង ស្រលាញ់និង ផ្តោតការយកចិត្តទុកដាក់ខ្លាំង។ ដូច្នេះអ្នកដែលចង់សិក្សារៀនសូត្រ ពីជំនាញចារសាស្ត្រាស្លឹករឹតទាល់តែមានចិត្តស្រលាញ់ ចង់ចេះ ចង់ដឹងច្បាស់លាស់ទើបអាចធ្វើបាន។ បច្ចុប្បន្ននេះមានយុវតីនិងយុវជនចំនួន៥ ទៅ៦នាក់ប៉ុណ្ណោះ ដែលចាប់អារម្មណ៍និងជំនាញចារសាស្ត្រាស្លឹករឹតនេះនៅក្នុងចំណោមយុវជនជាច្រើន នៅក្នុងភូមិត្នោតជ្រុំ ក៏មានអ្នកចេះចារសាស្ត្រាស្លឹករឹត២ទៅ៣នាក់ដែរ ហើយសុទ្ធតែអ្នកធ្លាប់បួសរៀននៅវត្តដូចគ្នា៕