• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធររាជធានីភ្នំពេញទុករយៈពេល ០១សប្តាហ៍ ដល់អ្នកប្រើប្រាស់ និងម្ចាស់ទីតាំងកែច្នៃស៊ីផ្លេ ត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់

រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យបានជ្រាបថាកន្លងមកមានយានយន្តមួយចំនួនបានកំពុងប្រើប្រាស់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ដែល
សកម្មភាពនេះបានបង្កជាសម្លេងរំខានដល់សាលារៀន មន្ទីរពេទ្យ វត្តអារាម និងធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវ ក៏ដូចជាការបង្កហានិភ័យដល់អ្នកធ្វើដំណើរ ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់កើតឡើងជាយថាហេតុ។

ដូច្នេះដើម្បីលុបបំបាត់នូវបាតុភាពអសកម្មទាំងអស់ខាងលើ ដែលបង្កឡើងដោយឧបករណ៍កែច្នៃខុសលក្ខណៈបច្ចេកទេស និងរក្សាបាននូវសុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងទប់ស្កាត់
នូវភាពអនាធិបតេយ្យនៅលើដងផ្លូវសាធារណៈ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖១- ចំពោះអ្នកដែលប្រើប្រាស់យានយន្តកំពុងបំពាក់ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងដែលបានកែច្នៃខុស
លក្ខណៈបច្ចេកទេស ត្រូវធ្វើការដោះឧបករណ៍ទាំងនោះចេញ ដោយត្រូវផ្លាស់ប្ដូរឱ្យបានត្រឹមត្រូវស្របតាមលក្ខណៈបច្ចេកទេសយានយន្តដូចសភាពដើមវិញ ស្របតាមច្បាប់ស្តីពីចរាចរណ៍
ផ្លូវគោក។

២- ចំពោះអាជីវករ ពាណិជ្ជករ ដែលកំពុងធ្វើអាជីវកម្មនូវឧបករណ៍ស៊ីផ្លេ និងបំពង់ស៊ីម៉ាំងកែច្នៃខុសលក្ខណៈបច្ចេកទេស ត្រូវធ្វើការបញ្ឈប់សកម្មភាពលក់ជាបន្ទាន់ ក្នុងករណីនៅតែបន្តលក់ឧបករណ៍
ទាំងនោះ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូត ព្រមទាំងបិទទីតាំងអាជីវកម្មតែម្តង។

៣- ចំពោះយានដ្ឋាន ឬទីតាំងកែច្នៃដែលធ្លាប់ និងកំពុងធ្វើការកែច្នៃស៊ីផ្លេ និងបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពកែច្នៃជាបន្ទាន់ ក្នុងករណីនៅតែបន្តកែច្នៃ
ឧបករណ៍ខុសលក្ខណៈបច្ចេកទេស អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការដកហូតនូវឧបករណ៍ទាំងនោះ និងបិទទីតាំងអាជីវកម្ម រួមទាំងអនុវត្តវិធានការតាមផ្លូវច្បាប់ជាធរមាន។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលបាននឹងកំពុងប្រើប្រាស់ អាជីវករ ពាណិជ្ជករ និងម្ចាស់យានដ្ឋាន និងម្ចាស់ទីតាំងកែច្នៃនូវឧបករណ៍ខុសលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបញ្ឈប់សកម្មភាពទាំងនេះ
ជាបន្ទាន់ ដោយទុករយៈពេល ០១សប្តាហ៍ គិតចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ ផុតរយៈពេលឱសានវាទនេះអាជ្ញាធរមានសមត្ថកិច្ចនឹងអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ ៕