• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-រាជរដ្ឋាភិបាលកំពុងរៀបចំសំបុត្រយន្តហោះជូនដល់ពលការិនីខ្មែរ ៧៨នាក់ ដែលចាញ់បោកមេខ្យល់នៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីត្រឡប់មកទឹកដីកំណើតវិញ

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា កំពុងរៀបចំសំបុត្រយន្តហោះជូនដល់បងប្អូនពលការិនីខ្មែរចំនួន ៧៨នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅអារ៉ាប៊ីសាអ៊ូឌីត ដើម្បីត្រឡប់មកទឹកដីកំណើតវិញ នេះបើតាមការឪ្យដឹងពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ។

ឯកឧត្តម ហេង សួរ បានបញ្ជាក់ថា នៅវេលាម៉ោង ១១៖៣៨នាទីយប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤នេះ ខ្ញុំបានខលតាមវីឌីអូ ជួបជាមួយបងប្អូនពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុង Jeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មានដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន ម៉ាណែត លោកបានជ្រាបហើយនូវសារអំពាវនាវរបស់បងប្អូន ហើយក៏បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យចាត់គ្រប់វិធានការភ្លាមៗ ដើម្បីធានាសុវត្ថិភាព និងនាំបងប្អូនត្រឡប់មកស្រុកកំណើតវិញ។

ខ្ញុំពិតជាបានធូរស្បើយក្នុងចិត្តពេលបានជួបនិយាយជាមួយបងប្អូនផ្ទាល់ និងក្រោយពេលពិនិត្យឃើញថាសុវត្ថិភាពរបស់បងប្អូនត្រូវបានធានា។ ពេលនេះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប៊ីសាអូឌីត ដែលមាននិវេសនដ្ឋាននៅទីក្រុងគែរ ប្រទេសអេហ្សីបបាននិងកំពុងធ្វើដំណើរទៅប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជួបជាមួយបងប្អូនដែលនៅតំបន់ផ្សេងទៀតផងដែរ។

រាជរដ្ឋាភិបាលនឹងចាត់ចែងលើការទិញសំបុត្រយន្តហោះជូនបងប្អូន។ ពេលនេះ សំបុត្រយន្តហោះសម្រាប់បងប្អូនទាំង ២៩នាក់ ដែលកំពុងស្នាក់នៅទីក្រុង Jeddah ត្រូវបានរៀបចំរួច ហើយស្អែកម៉ោង ១០យប់ ម៉ោងនៅអារ៉ាប៊ីសាអូឌីត បងប្អូននឹងឡើងយន្តហោះត្រឡប់មកប្រទេសកម្ពុជាវិញ។ ចំណែកបងប្អូនដែលនៅតំបន់ផ្សេង នឹងរៀបចំចេញដំណើរជាបន្តបន្ទាប់។

ជាមួយគ្នានេះ លោកបានបន្ថែមថា ក្នុងការសន្ទនាជាមួយខ្ញុំ បងប្អូនពលការិនីយើងបានថ្លែងអំណរគុណដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត និងភាគីពាក់ព័ន្ធ ដែលបានចាត់វិធានការទាន់ពេលវេលា​ជួយបងប្អូនបានវិលត្រឡប់មកប្រទេសកំណើតវិញក្នុងពេលដ៏ខ្លីនេះ ៕