• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ចាប់ខ្លួនជនសង្ស័យ៥នាក់ បញ្ជូនទៅតុលាការពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ក្នុងក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ÷ ជនសង្ស័យចំនួន៥នាក់ ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ។

ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង  កាលពីវេលាម៉ោង១៩និង៣៨នាទី ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ បានបេីកប្រតិបត្តិការបង្រ្កាបករណី ផលិត ដឹកជញ្ជូន ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ ញៀន និងកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត ឃាត់ខ្លួនជនសង្ស័យទាំង៥នាក់៖ ១-ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន (ហៅតា) ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិថៃ បច្ចុប្បន្នស្នាក់នៅផ្ទះជួល ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ២-ឈ្មោះ ភូវ៉រ៉េត ធានធឿន (ហៅប៉េវ) ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិថៃ មុខរបរគ្មាន បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលលេខA01 ភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ និងប្រើប្រាស់), ៣-ឈ្មោះ តៃ ស៊ិនអាន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិចិន មុខរបរបើកហាងម៉ាស្សា បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត (ផលិត និងជួញដូរគ្រឿងញៀន និងសញ្ចារកម្ម), ៤-ឈ្មោះ ប៉ែន ឆៃណា ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ផាស់អាប់ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ), ៥-ឈ្មោះ ឈុនលី សុខស្រីនាង ភេទស្រី អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ(ជួញដូរ) ។

ដោយឡែក សម្ភារៈវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (កេតាមីន) ចំនួន ២កញ្ចប់ធំ(កញ្ចប់តែ) និង១៦ថង់កិប ទម្ងន់ ២៨៨០,២ក្រាម , -ថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង(WY) ចំនួន២៥កញ្ចប់ និង២ដប ស្មើនឹង ៤៨១១គ្រាប់ ទម្ងន់ ៥៩២,៩ក្រាម, -កញ្ចប់ម្ស៉ៅរូបសេះពណ៌ក្រហម និងកញ្ចប់ម្ស៉ៅពណ៌ក្រហម រូបផ្លែទំពាំងបាយជូរ (អ៊ិចស្តាស៊ី) ចំនួន៤១កញ្ចប់ ទម្ងន់ ៥៩៨,៥៥ក្រាម, -កញ្ឆាក្រៀម ចំនួន ៧ថង់កិប ទម្ងន់ ២៦,៨ក្រាម, -ម្ស៉ៅម៉ត់ពណ៌ស ចំនួន ១៦ថង់កិប ទម្ងន់ ១១៣៧,៤ក្រាម, -ដុំក្រាមពណ៌លឿង ចំនួន ២ថង់កិប ទម្ងន់ ១០៦ក្រាម (មួយរយប្រាំមួយក្រាម), -ម្ស៉ៅម៉ត់ពណ៌ត្នោត ចំនួន២ថង់កិប ទម្ងន់ ១០៨,៤ក្រាម, -ម្ស៉ៅម៉ត់ពណ៌កាហ្វេ ចំនួន ១ថង់កិប ទម្ងន់ ៦៨,៩ក្រាម, -ថ្នាំគ្រាប់កញ្ចប់ពណ៌ខ្មៅ មានរូបមនុស្សប្រុស ចំនួន៨កញ្ចប់ ទម្ងន់ ៥២,៨ក្រាម, -ម្ស៉ៅក្រាមពណ៌ស ចំនួន ៨កញ្ចប់ ទម្ងន់ ១៥៩៣,៤ក្រាម, -កាំភ្លើងខ្លី ចំនួន ៤ដើម (ម៉ាកZORAKI M906-TD លេខ2400499 ពណ៌ទឹកប្រាក់លាយខ្មៅ, ម៉ាកK54 លេខ55007452 ពណ៌ខ្មៅ, ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22 ពណ៌ខ្មៅ), -គ្រាប់កាំភ្លើង ចំនួន ៥០គ្រាប់, -បង់កាំភ្លើង ចំនួន០៥, -ស្រោមកាំភ្លើង ចំនួន ០២, -ជញ្ជីងសម្រាប់ថ្លឹងគ្រឿងញៀន ចំនួន ៣គ្រឿង, -រថយន្ត ចំនួន ២គ្រឿង (ម៉ាកAUDI ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603, ម៉ាកLUXUS NX 200T ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ2BB-8850), -ម៉ូតូ ចំនួន ១គ្រឿង (ម៉ាកHONDA PCX ពណ៌ខៀវ ពាក់ផ្លាកលេខប.មានជ័យ1AB-6168), -ទូរស័ព្ទ ចំនួន ៦គ្រឿង (ម៉ាក iPhone 12Pro Max ពណ៌ទឹកប៊ិច, ម៉ាកHuawei ពណ៌ទឹកប៊ិច, ម៉ាកiPhone ពណ៌ទឹកប៊ិច, ម៉ាកOPPO ពណ៌ផ្ទៃមេឃ, ម៉ាកiPhone14 ពណ៌ស្វាយ, ម៉ាកiPhone ពណ៌ស្លែ) រួមនឹងឧបករណ៍សម្រាប់ផលិតគ្រឿងញៀនមួយចំនួនធំ ព្រមទាំងសម្ភារៈមួយចំនួនទៀត។

លោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា មុនឈានដល់បង្រា្កបនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ចំណុចKTV៦១៩ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងបានក្តាប់បានមុខសញ្ញាជួញដូរគ្រឿងញៀន ដឹកនាំដោយលោកផ្ទាល់ សហការជាមួយកម្លាំងជំនាញការិយាល័យ ដឹកនាំដោយលោក វរៈសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និង បង្ក្រាប បទល្មើស បានធ្វើការឃាត់រថយន្តចំនួន១គ្រឿង ម៉ាកAUDI A7 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AR-0603 ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ស៊ុម៉ៃ វ៉ាន់ថាណាស៊ីន ហៅ តា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិថៃ ព្រមទាំងដកហូតវត្ថុតាងរួមមាន កាំភ្លើងខ្លី ចំនួន ២ដើម(ម៉ាកឡុក១៩ ពណ៌ខ្មៅ, ម៉ាកISSC-M22), បង់កាំភ្លើង ចំនួន៣, គ្រាប់កាំភ្លើង ចំនួន១៥គ្រាប់, កញ្ចប់ម្ស៉ៅពណ៌ក្រហមរូបសេះ(អ៊ិចស្តាស៊ី) ចំនួន៥កញ្ចប់ ទម្ងន់ ៤៣,០៥ក្រាម ៕