• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-មកដឹងពីមូលហេតុ ដែលឃាតករចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ រួចព្យាយាមបញ្ចប់ជិវិតតាមក្រោយតែមិនស្លាប់

ភ្នំពេញ៖ ករណីឃាតកម្ម ឃាតករចូលទៅចាក់ស្រ្តីរងគ្រោះរហូតស្លាប់នៅក្នុងផ្ទះ រួចព្យាយាមបញ្ជប់ជិវិតតាមក្រោយតែមិនស្លាប់ផ្តើមចេញពីពីរឿងស្នេហា ពោលគឺឃាតករខឹងសម្បារ និងចោទថា ស្រ្តីរងគ្រោះបិទបាំងរឿងមានប្ដី និងមានកូនមិនប្រាប់ឲ្យរូបគេបានដឹង ក្បត់ទំនុកចិត្តដែលខំស្រលាញ់   នៅចំណុចផ្ទះល្វែងលេខA31 ផ្លូវលេខ៣៦ ក្នុងបុរីពិភពថ្មី ឈូកវ៉ា២ ក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅវេលាម៉ោង ៣:៤៥នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤។

ជនដៃដល់ឈ្មោះ លឹម គីណែត អាយុ២៥ឆ្នាំ មានទីលំនៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ជាពលករធ្វើការនៅប្រទេសថៃ ហើយត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្ស៊ី។  ​ចំណែកស្រ្តីរងគ្រោះឈ្មោះ មាស លក្ខិណា អាយុ២៤ឆ្នាំ មានប្ដីឈ្មោះ ហួ ស៊ិន អាយុ៣៧ឆ្នាំ ជាជនជាតិចិន មុខរបរបុគ្គលិកក្រុមហ៊ុនកិនថ្មក្នុងខេត្តកំពង់ស្ពឺ។ នាងរងគ្រោះ និងប្ដី ស្នាក់នៅក្នុងផ្ទះកើតហេតុខាងលើ ហើយមានកូនប្រុស២នាក់ នៅក្នុងបន្ទុកគ្រួសារផងដែរ។

ជនដៃដល់បានដឹងខ្លួន និងសារភាពថា ខ្លួន និងស្រ្តីរងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយគ្នាជាង២ឆ្នាំមកហើយ (តាមហ្វេសប៊ុក) ដោយខ្លួនមិនដឹងថាខាងស្រីមានប្តី និងកូននោះទេ។ ចំណែកស្រ្តីរងគ្រោះ ក៏មិនបានប្រាប់ឲ្យខ្លួនដឹង ពីការដែលនាងមានប្ដី និងកូននេះដែរ ហើយរយៈពេលទំនាក់ទំនងគ្នានេះ ខ្លួនបានផ្ញើលុយពីប្រទេសថៃមកឲ្យនាងជាបន្តបន្ទាប់ថែមទៀត (ព្រោះខ្លួនជាពលករធ្វើការនៅប្រទេសថៃ)។

ជនដៃដល់បានបន្តថា ពេលធ្វើសកម្មភាពសម្លាប់នាងរងគ្រោះ ខ្លួនបានដឹងថា នាងមានប្តី និងមានកូន ហើយលាក់បាំងរូបខ្លួនបោកប្រាស់ទំនុកចិត្តដែលខ្លួនខំស្រលាញ់។ ពេលនោះខ្លួនខឹងខ្លាំងណាស់ក៏បានស៊ើប អំពីទីកន្លែងដែលស្រ្តីរងគ្រោះស្នាក់នៅ។ បន្ទាប់មកបានធ្វើដំណើរចាកចេញពីប្រទេសថៃ ហើយពេលចូលដល់ស្រុកខ្មែរបានជួលរថយន្តតាក់ស៊ី១គ្រឿង ជិះទៅកាន់ផ្ទះស្រ្តីរងគ្រោះ រួចធ្វើសកម្មភាពសម្លាប់នាង និងសម្លាប់ខ្លួនឯងតាមក្រោយបែបនេះតែម្តង។

ដោយឡែកយោងតាមប្រភពព័ត៌មានពីពលរដ្ឋ នៅកន្លែងកើតហេតុបានឪ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលគាត់កំពុងស្ថិតនៅក្នុងផ្ទះ ស្រាប់តែឮស្រ្តីរងគ្រោះស្រែកឲ្យជួយ ពេលនោះគាត់ក៏ចេញទៅមើល ស្រាប់តែឃើញជនដៃដល់កំពុងធ្វើសកម្មភាពចាក់ទៅលើស្រ្តីរូបនោះ ចាក់យកៗមិនដកដៃឡើយ។ ឃើញបែបនេះគាត់ក៏ស្រែកឆោឡោថាចោរៗ ហៅគេឯងជួយបង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់មកប្រជាពលរដ្ឋបានយកដំបង និងដុំថ្មគប់ទៅលើជនដៃដល់។ ប៉ុន្តែជនដៃដល់មិនព្រមឈប់ឡើយ គឺចាក់នាងរងគ្រោះរហូតដល់លែងកម្រើក ទើបជនដៃដល់ដោះអាវខ្លួនឯងចេញ រួចបានយកកាំបិតដដែលនោះចាក់ពោះនិងអារ-ក ខ្លួនឯងដើម្បីបញ្ចប់ជីវិត បណ្ដាលឲ្យដួលដេកជិតស្រ្តីរងគ្រោះរងរបួសធ្ងន់ ត្រូវបាននគរបាលបញ្ជូនទៅសង្រ្គោះបន្ទាន់តែម្ដង៕