• Cambodia Peace Channel

តើចាន់ វឌ្ឍនាកា នឹងអាចក្លាយជា Top scorer នៅលីគកំពូលកម្ពុជា បានដែរទេ ក្រោយចុះកិច្ចសន្យាជាមួយបឹងកេត ជាលើកទី៣នេះ?

ភ្នំពេញ៖ក្រោយពីខ្សែប្រយុទ្ធ ចាន់ វឌ្ឍនាកា ចូលមករួមរស់ជាមួយក្លិបបឹងកេតអែហ្វស៊ី ក្នុងរយៈពេលចុះកិច្ចសន្យា ៣ឆ្នាំ លោក ហៅ សុជាតិ ដែលជាគ្រូបង្វឹករបស់ក្លិបបឹងកេត បានបង្ហាញពីសេចក្តីទុកចិត្ត និងជឿជាក់ថា ខ្សែប្រយុទ្ធរូបនេះនឹងក្លាយជាតំបន់ប្រយុទ្ធដ៏សំខាន់សម្រាប់ក្រុម នៃការប្រកួតនៅលីគកំពូលកម្ពុជា និងការប្រកួតផ្សេងៗទៀត។

គ្រូបង្វឹកបឹងកេតបានលើកឡើងថា “ខ្ញុំមិនហ៊ានអះអាងថា គាត់(វឌ្ឍនាកា) នឹងអាចក្លាយជា Top scorer នៅលីគកំពូលបានទេ ប៉ុន្តែខ្ញុំអាចសន្និដ្ឋានបានថា គាត់នឹងអាចក្លាយជាកីឡាករខ្មែរ ដែលរកគ្រាប់បាល់បញ្ចូលទីបានច្រើនជាងគេក្នុងរដូវកាល ២០១៩នេះ។ ប៉ុន្តែអ្វីទាំងអស់នេះ សុទ្ធតែជាការប៉ាន់ស្មានទេ ព្រោះការរកគ្រាប់បាល់ត្រូវពឹងផ្អែកលើកត្តារួមផ្សំជាច្រើន ពុំមែនតែសាមីខ្លួនកីឡាករម្នាក់ឯងនោះទេ“។

នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

សូមជម្រាបថា ខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា បានចុះកុងត្រាសាជាថ្មីជាមួយក្លិបបឹងកេតអែហ្វស៊ី ក្នុងរយៈពេល ៣ឆ្នាំ នឹងជាម្ចាស់អាវលេខ១១ របស់ក្លិបនេះ ក្រោយខ្សែប្រយុទ្ធរូបនេះ បានបញ្ចប់កុងត្រាជាមួយក្លិបលីគកំពូលរបស់ម៉ាឡេស៊ី កាលពីពេលថ្មីៗនេះ៕

ដោយ៖ស្រ៊ីប ឡានី