• Cambodia Peace Channel

CNCC៖ការប្រកួតបាល់ទាត់គ្រប់កម្រិតនៅកម្ពុជានៅមិនទាន់អាចដំណើរការបានវិញទេ

ភ្នំពេញ៖ លោក ឈី កុលបុត្រា លេខាធិការប្រតិបត្តិ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) ដែលជាគណៈកម្មការគ្រប់គ្រងការប្រកួតកីឡាបាល់ទាត់លីគកំពូលកម្ពុជា និងពានរង្វាន់ សម្តេចតេជោ ហ៊ុន សែនបានបញ្ជាក់ថា ព្រឹត្តិការណ៍ថ្នាក់ជាតិធំៗទាំងនេះមិនទាន់វិលត្រឡប់មកវិញបាននោះទេ ដោយសារស្ថានភាពវិបត្តិជំងឺកូវីដ-១៩ នៅតែបន្តការរីករាលដាល។

លោកបញ្ជាក់ថា ពេលនេះពុំទាន់អាចបញ្ជាក់ពីគម្រោងដំណើរការប្រកួតឡើងវិញនៃក្របខ័ណ្ឌកំពូលកម្ពុជា និងពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន បាននៅឡើយ ដោយការប្រកួតទាំងពីរកម្រិត នៅតែបន្តផ្អាក នាខែមេសានេះ អាស្រ័យលើស្ថានភាពជាក់ស្តែង និងសេចក្តីប្រកាស ឬការណែនាំរួមពីថ្នាក់ដឹកនាំ។

លោក ឈី កុលបុត្រា អះអាងថា «យោងតាមការប្រកាសរបស់រាជរដ្ឋាភិបាលមិនឲ្យមានការប្រមូលផ្តុំលើសពី១០នាក់ទេ ដូច្នេះការប្រកួតបាល់ទាត់នេះលើសគោលការណ៍បែបនេះបាត់ទៅហើយ ហើយក៏អត់ទាន់មានការណែនាំណាពីថ្នាក់ជាតិ ឬមួយក្រសួង ឬស្ថាប័នណាឲ្យយើងដែរ។ ដូចឃើញស្រាប់ហើយសេចក្ដីថ្លែងការណ៍ចេញមកមិនឲ្យមានការជួបជុំនៅឡើយជារួម។ ជាក់ស្ដែងការប្រកួតយើង គ្រាន់តែមួយក្រុមមានកីឡាករលើសការហាមប្រាមនេះបាត់ទៅហើយ ចុះទម្រាំពីរក្រុមទៀត ទោះយើងលេងបិទទ្វារក៏ដោយ ក៏មានចំនួនកាន់តែច្រើនទៀត។ យើងព្យាយាមកុំឲ្យប៉ះពាល់គ្នានាពេលបច្ចុប្បន្ននេះសិន ចាំមើលការណែនាំពីថ្នាក់ដឹកនាំ ឬសេចក្តីប្រកាសថ្នាក់ជាតិ ឬក៏ក្រសួងសិន បើគាត់ចេញគោលការណ៍ថ្មីបែបណាទៀត ចំាយើងនឹងយកមកពិភាក្សាក្នុងក្រុមការងារ ក៏ដូចជាមួយក្លិបបាល់ទាត់ទាំងអស់ជាសមាជិក»។

លោក ឈី កុលបុត្រា លើកឡើងបន្ថែមថា CNCC តែងតែទាក់ទងគ្នាតាមអនឡាញជាប់ជានិច្ច ហើយក៏រង់ចាំស្ថានការណ៍ និងការណែនាំដូចគ្នា។ ប្រសិនបើមានសេចក្ដីថ្លែងការណ៍ ឬសេចក្ដីណែនាំណាមួយ នោះភាគីទាំងអស់នឹងពិភាក្សាគ្នា។


សូមបញ្ជាក់ថា ការប្រកួតក្របខ័ណ្ឌកំពូលកម្ពុជា និងពានសម្ដេចតេជោ ហ៊ុន សែន ២០២០ ត្រូវបានផ្អាកជាបណ្ដោះអាសន្ន ដោយសារបញ្ហាជំងឺកូវីដ-១៩ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ ដោយការប្រកួតលីគកំពូលបានសម្រាកត្រឹមវគ្គសន្សំពិន្ទុសប្តាហ៍ទី៥ ខណៈការប្រកួតពានរង្វាន់សម្តេចតេជោ ហ៊ុន សែន បានផ្អាកត្រឹមវគ្គជម្រុះក្នុងពូលថ្នាក់ខេត្ត៕