• Cambodia Peace Channel

CPC-ផ្អាកការងារបណ្តោះអាសន្ន នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ បន្ទាប់បានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរ នឹងការចាប់ជនសង្ស័យ

កណ្ដាល៖ លោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ ពោលគឺលោកស្រីបានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ។

នេះបើតាមការអោយដឹងពី ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានបានចុះផ្សាយមានខ្លឹមសារថា អះអាងថាខ្លួនជាប៉ូលីសនិងជាដៃស្តាំលោកអធិការនគរបាលស្រុកពញាឮ ហើយបានទារលុយចំនួន២០០ដុល្លារពីគ្រួសារជនរងគ្រោះជាថ្នូរនឹងការចុះចាប់ជនសង្ស័យ ខណៈជនរងគ្រោះត្រូវគេកាប់ស្ទើរតែស្លាប់ទៅហើយ។

ក្រោយពីទទួលបានព័ត៌មានការចុះផ្សាយខាងលើភ្លាមលោកឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានបញ្ជាកម្លាំងជំនាញចុះធ្វើការងារស្រាវជ្រាវបញ្ជាក់ការពិតនិងឲ្យបានច្បាស់លាស់។ ដោយផ្អែកតាមការស្រាវជ្រាវនិងប្រមែប្រមូលព័ត៌មានជុំវិញករណីការចុះផ្សាយខាងលើ ជាលទ្ធផល៖ឈ្មោះ ហួត ចាន់សុខ ពិតជាបានទារប្រាក់ពីឈ្មោះ ឈៀង សំ ចំនួន២០០$ (ពីររយដុល្លារ) តាមរយះគណនី ABA ឈ្មោះ Hout Chansok ជាថ្នូរនឹងការតាមចាប់ជនល្មើស និងបានសរសេរពាក្យបណ្តឹងថ្មី ឲ្យជនរងគ្រោះយកទៅដាក់នៅអធិការដ្ឋាននគរបាលស្រុក។ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៨និង២៤នាទី ឈ្មោះ ហួត ចាន់សុខ បានតេទៅឈ្មោះ ឈៀង សំ តាមរយៈលេខទូរសព្ទ ០១២-២៩៣ ៤៥៧ ទា..រប្រាក់ចំនួន៣០០$ (បីរយដុល្លារ) បន្ថែមទៀត ដើម្បីធ្វើសោហ៊ុយទៅចាប់ជនដៃដល់ តែឈ្មោះ ឈៀង សំ មិនមានលទ្ធភាពរកប្រាក់បន្ថែមចំនួន៣០០ដុល្លារឡើយ ទើបឲ្យបណ្តាញគេហទំព័រហ្វេសប៊ុកផេកមួយ បង្ហោះក្នុងបណ្តាញសង្គមហ្វេសប៊ុកដោយមានខ្លឹមសារដូចខាងលើប្រាកដមែន។

ចំណែកឈ្មោះ ហួត ចាន់សុខ ពិតជាមានចេតនាប្រព្រឹត្តអំពើខាងលើដោយខ្លួនឯង ព្រោះចង់បានលុយយកទៅចាយ ដោយមិនមានការណែនាំ ឬបង្គាប់បញ្ជាពីលោកអធិការ នគរបាលស្រុកពញាឮ ឲ្យទៅទារប្រាក់ពីជនរងគ្រោះជាថ្នូរទៅនឹងការតាមចាប់ជនសង្ស័យនោះទេ។

បច្ចុប្បន្ន លោកឧត្តមសេនីយ៍ទោស្នងការ បានចំណាត់ការចំពោះលោកស្រីអនុសេនីយ៍ឯក ហួត ចាន់សុខ អត្តលេខ៦៣៥៥៤ នាយរងផ្នែកសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ ផ្អាកការងារបណ្តោះអាសន្ន មូលហេតុ ប្រព្រឹត្តកំហុសមានចែងក្នុងបទបញ្ជាលេខ០០៦ បបជ៕