CPC-អ្នកនាំពាក្យក្រសួងកសិកម្ម លើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ ព្រមទាំងទទួលបានតម្លៃខ្ពស់
![](https://www.cpc-news.com/wp-content/uploads/2024/01/photo_2024-01-20_09-07-25-991x564.jpg)
ភ្នំពេញ៖ឯកឧត្តម ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកទឹកចិត្តដល់ប្រជាសហគមន៍ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំ ធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស ដើម្បីប្រកួតប្រជែងលើទីផ្សារ និងទទួលបានតម្លៃខ្ពស់ ដោយក្រសួងជាអ្នករកទីផ្សារជូនពួកគាត់។
ឯកឧត្តម ឃឹម ហ្វីណង់ មានប្រសាសន៍ប្រាប់ប្រជាសហគមន៍សំបូរមានជ័យ ក្នុងខេត្តកំពង់ចាម និងខេត្តកំពង់ធំថា ការធ្វើកសិកម្មបែបទំនើប ស្របតាមបច្ចេកទេស មានសារៈសំខាន់។ សហគមន៍កសិកម្មទំនើបតម្រូវឱ្យប្រជាកសិករចូលរួមផលិតរួមគ្នា គ្រប់គ្រងរួមគ្នា ដើម្បីងាយស្រួលផ្គត់ផ្គង់លើទីផ្សារ និងផ្តល់ផលចំណេញច្រើន។ ករណីនេះ ឯកឧត្តម លើកទឹកចិត្តដល់ប្រជាសហគមន៍ និងប្រជាកសិករផ្សេងៗទៀត ស្ម័គ្រចិត្តរួមគ្នាចូលរួមក្នុងកម្មវិធីគោលនយោបាយកសិកម្មបែបទំនើបនេះ ទើបទទួលបានផលវិជ្ជមានខ្ពស់។
ឯកឧត្តមមានប្រសាសន៍បន្តថា បើប្រជាសហគមន៍ដែលធ្វើកសិកម្មបែបទំនើប ហើយត្រូវការដើមទុនធ្វើអាជីវកម្ម ក្រសួងមានគម្រោងហិរញ្ញវត្ថុ ដែលផ្តល់ការគាំទ្រចាប់ពីការកសាងផែនការអាជីវកម្ម ការផ្តល់ប្រាក់កម្ចី ការគាំទ្រ ផ្តល់ជាអំណោយមូលធុន (បើគម្រោងវិនិយោគជាប់ នឹងទទួលបានអំណោយចំនួន៤០ភាគរយ នៃដើមទុនវិនិយោគសរុប និងជួយគាំទ្រស្វែងរកទីផ្សារជាដើម។
ចំពោះដើមទុនវិនិយោគនេះ ឯកឧត្តមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះអនុសារណៈយោគយល់គ្នាមួយជាមួយធនាគារវីង ដោយធនាគារវីងបានតម្កល់លុយ៥លានដុល្លារ ទុកនៅក្រសួង សម្រាប់ផ្តល់កម្ចីជូនប្រជាសហគមន៍ និងកសិករ ក្នុងអត្រាការប្រាក់ទាប ចន្លោះពី៧ ទៅ៨ភាគរយ ក្នុងមួយឆ្នាំ ហើយកម្ចីនេះ មិនតម្រូវឱ្យដាក់វត្ថុបញ្ចាំអ្វីនោះទេ៕
![](https://www.cpc-news.com/wp-content/uploads/2024/01/420621368_808659234640045_7664138882654732123_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/420627023_808659167973385_4499242410198207853_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/420627583_808659034640065_7627381394360423133_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/420634281_808659087973393_5199631295545245123_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/420634290_808658911306744_6480299895303543689_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/420728048_808659194640049_7834500090555550164_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/421281311_808659121306723_7016595824840066640_n-900x506.jpg)
![](https://www.cpc-news.com/wp-content/uploads/2024/01/421291386_808658961306739_1954823742224748825_n-900x506.jpg)