• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ជម្លោះពាក្សសម្ដីរវាងអ្នកដឹកជញ្ជូនអាហារ និងអតិថិជនរហូតឈានដល់ការប្រើប្រាស់ហឹង្សា បង្កការភ្ញាក់ផ្អើលទាំងកណ្ដាលអធ្រាត្រ

ភ្នំពេញ៖ អ្នកដឹកជញ្ជូនខឹងភ្ញៀវមិនអោយតម្លៃ ទុកអោយចាំដល់ទៅ៣០នាទី មិនទាន់ឃើញចុះមកយកម្ហូប បានប្រើពាក្យសម្តីមិនសមគួរទៅកាន់ភ្ញៀវ ចំណែកភ្ញៀវក៏មិនអន់ប៉ុន្មាន ក៏បានណាត់ជួបគ្នា បោះពាក្យទាស់សម្តី រហូតឈានដល់ការប្រើហិង្សាវាយគ្នា បង្កបួសស្នាមធ្ងន់ស្រាលផ្អើលវិមានឯករាជ្យ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ទីតាំងកើតហេតុ ស្ថិតនៅចំណុចខាងជើងសួនច្បារ ក្បែរសាលាអនុវត្ត ម្តុំវិមានឯករាជ្យ សង្កាត់ ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីភាគីខាងដឹកជញ្ជូនបានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានដឹកបបរ តាមការបញ្ជារទិញរបស់ភ្ញៀវនារីម្នាក់ ដោយដឹកយកបបរនោះ យកទៅអោយនៅខុនដូរមួយកន្លែង ស្ថិតនៅផ្លូវលេខ២៩៤ មូលដ្ឋាននៃខណ្ឌបឹងកេងកង កាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។ លុះដឹកទៅដល់ គាត់ក៏បានខលទៅកាន់នារី ដែលជាភ្ញៀវម្នាក់នោះ ដោយសារគាត់បានចាំអស់រយៈពេល១០នាទីទើបភ្ញៀវឆ្លើយថា សូមចាំបន្តិច ខុនដូរបស់គាត់នៅខ្ពស់ ជាន់ទី៣២ ចុះទៅក្រោមរាងយូរ។

លឺដូចនេះអ្នកដឹកជញ្ជូនក៏រង់ចាំបន្តទៀត លុះដល់២០នាទី គាត់ក៏បានខលទៅម្តងទៀត ភាគីខាងនារីដែលជាភ្ញៀវឆ្លើយថា ចាំប្អូនចុះទៅយកវិញ ព្រោះបងស្រីជាប់ងូតទឹករាងយូរ គាត់ក៏ព្រមចាំរហូតដល់៣០នាទីនៅតែមិនឃើញចុះ គាត់ក៏បានខលទៅម្តងទៀត តែម្តងនេះគឺរាងតឹងសសៃក ព្រោះចាំកន្លះម៉ោងហើយ ណាមួយបុងភ្ញៀវស្ទះចំនួន៣បុងថែមទៀត ក៏បានពោលពាក្យថា បើទោះជាងយ៉ាងណាក៏គួរយល់ពីអារម្មណ៍អ្នកដឹកដែរ មិនដែលជណ្តើរយន្តឯណាចុះយូរយ៉ាងនេះទេ។

អ្នកដឹកជញ្ជូនបានបន្តថា៖ ខ្លួនក៏បានត្រឡប់មកកាន់វិមានឯករាជ្យ ស្រាប់តែភាគីខាងភ្ញៀវបានបបួលគ្នីគ្នា មកចង្អុលមុខគាត់ ព្រមទាំងរករឿងទាស់សម្តី ស្របពេលកំពុងខឹងក៏តបទៅវិញរហូតឈានដល់ការប្រើហិង្សាវាយតប់គ្នា ព្រោះខាងភ្ញៀវបានប្រើដៃជើងលើនារីម្នាក់ ដែលត្រូវជាប្រពន្ធរបស់ក្រុមអ្នកដឹកជញ្ជូន។

តាមសម្តីរបស់ភាគីខាងភ្ញៀវបានឲ្យដឹងវិញថា៖ មុនពេលកើតហេតុ ខ្លួនពិតជាបានបញ្ជារទិញបបរមែន ដោយទីតាំងរបស់គាត់នៅខុនដូ ឌីឃែសល ដោយសារតែពេលភាគីដឹកជញ្ជូនកំពុងដឹក គាត់ក៏បានចូលបន្ទប់ទឹកងូតទឹកសិន លុះពេលអ្នកដឹកមកដល់ក៏ខលមកគាត់ តែប្អូនស្រីគាត់ជាអ្នកលើកជំនួស ព្រោះគាត់កំពុងងូតទឹក ហើយគាត់ជាមនុស្សស្រីជាទូរទៅគឺងូតទឹកយូរហើយ ក៏គិតថាបើអ្នកដឹកចាំយូរ យ៉ាងច្រើនចុះទៅយកម្ហូប អោយលុយធីបដើម្បីលួងចិត្តទៅគឺវាចប់ហើយ។ តែមិននឹកស្មានថាភាគីខាង ដឹកជញ្ជូនពោលពាក្យមិនល្អ មកកាន់តេលេក្រាមរបស់គាត់ថា មិនគោរពពេលវេលារបស់ពួកគាត់ ពេលវេលាជាមាសប្រាក់ លើកក្រោយបើចង់ស៊ី អោយវាទិញស៊ីខ្លួនឯងទៅ។

សូមរម្លឹកថា៖ នៅពេលមានជម្លោះតាមប្រព័ន្ធតេលេក្រាមព្រោះម្ហូប ធ្វើអោយអ្នកដឹកខឹងក៏ទៅដឹកអោយអ្នកផ្សេង រហូតមកដល់ម៉ោងជិត៣ទៀបភ្លឺឈានចូលថ្ងៃទី២០ ក៏ស្រាប់តែមានជម្លោះបន្តទៀតតាមតេលេក្រាម ដោយខាងអ្នកដឹកជញ្ជូនបានផ្ញើរ LOCATION អោយទៅភាគីខាងភ្ញៀវ បើចង់ឈ្លោះគ្នាអោយមករកខ្លួននៅវិមានឯករាជ្យ។

ឃើញទីតាំងដាក់អោយដូចនេះ ភាគីខាងនារីៗដែលកម្មង់បានទៅកាន់ទីតាំងដែលដាក់ផែនទីនោះ ជាមួយនិងសង្សារជាជនជាតិចិន ស្រាប់តែពេលទៅដល់ទីតាំងក៏ឈ្លោះគ្នាខ្លាំង បុរសចិនបានទៅប្រើហិង្សាចំនារីម្នាក់ជាប្រពន្ធរបស់ក្រុមដឹកជញ្ជូន ធ្វើអោយក្រុមអ្នកដឹកជញ្ជូនខឹង រើសដុំថ្មនៅក្បែរនោះ គប់ទៅភាគីខាងភ្ញៀវ បណ្តាលឲ្យបុរសចិនរងរបួសក្បាលហូឈាម និងខ្លះទៀតរងរបួសស្រាល។

ក្រោយកើតហេតុ ករណីនេះបានលឺដល់អាវុធហត្ថខណ្ឌដូនពេញ ចុះមកដល់ទីតាំងធ្វើការសម្របសម្រួល តែភាគីទាំងសងខាងហាក់មិនត្រូវគ្នា ក៏ឈានដល់ការឃាត់ខ្លួនទាំង២ក្រុម ទៅកាន់ការិយាល័យអាវុធហត្ថ ខណ្ឌដូនពេញ ដើម្បីធ្វើការដោះស្រាយគ្នាបន្តតាមនីតិវិធីច្បាប់៕