• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ក្រសួងការងារ បានបញ្ជាក់ថា កម្មករនិយោជិតនៃក្រុមហ៊ុន Y&W អាចបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​របស់ខ្លួនដែលក្រុមហ៊ុនជំពាក់ នៅថ្ងៃ២៣ ខែមីនាខាងមុខនេះ

ភ្នំពេញ៖ក្រសួងការងារ បានបញ្ជាក់ថា កម្មករនិយោជិតនៃក្រុមហ៊ុន Y&W អាចបើកប្រាក់ឈ្នួល និង​ប្រាក់​បំណាច់​របស់ខ្លួនដែលក្រុមហ៊ុនជំពាក់ នៅថ្ងៃ២៣ ខែមីនា ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នេះបើយោងតាមសេចក្ដីជូនដំណឹងដែល​CPC NEWS ទទួលបាននៅរសៀលថ្ងៃ២០ ខែមីនា ឆ្នាំ២០២៤ នេះ ៕

ក្រសួងការងារបានអោយដឹងថា យោងតាមដីកាសម្រេចរឹបអូសជាបណ្ដោះអាសន្នលេខ ១៦៦ “ថ” ដ.រ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ របស់សាលាដំបូងរាជធានីភ្នំពេញ ស្ដីពីការរឹបអូសជាបណ្តោះអាសន្ន នូវទ្រព្យសម្បត្តិ និងសម្ភាររបស់ ក្រុមហ៊ុន វ៉ាយ &ដាប់បែលយូ ហ្គាមេន (Y & W GARMENT CO., LTD.) មានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ និងដោយមានការតម្កល់ប្រាក់កក់របស់អ្នកដេញថ្លៃតាមនីតិវិធីដេញថ្លទ្រព្យសម្បត្តិ និងសម្ភាររបស់ក្រុមហ៊ុននោះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានថវិកាដែលអាចបើកផ្តល់ប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗជូនបងប្អូនកម្មករនិយោជិត។

ដូច្នេះសូមបងប្អូនកម្មករនិយោជិត អញ្ជើញទៅសាលាខណ្ឌដង្កោ ដែលមានអាសយដ្ឋាន ផ្លូវ២១៧ ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨ព្រឹក ថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០២៤ នេះតទៅតាមបញ្ជីឈ្មោះ និងលេខរៀងដែលក្រសួងនឹងឋិតនៅសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃទី២៣ ខែមីនា មុនបើកផ្ដល់។

បន្ថែមពីនេះទៅទៀត កម្មករនិយោជិតយកមកជាមួយនូវឯកសារ ដូចខាងក្រោម៖១. ប័ណ្ណសម្គាល់ខ្លួនកម្មករនិយោជិត (ច្បាប់ដើម) ឬកិច្ចសន្យាការងារ និងសៀវភៅការងារកម្មករ
និយោជិត ឬប័ណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរ ឬលិខិតឆ្លងដែន២. ប័ណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖- លោក ទូច សុទ្ធមុត ០១២ ៨០៧ ៩០៧លោក មុំ បូណា០៩២ ៥០០ ៦៣៤ អាស្រ័យហេតុនេះ សូមបងប្អូនកម្មករនិយោជិតទាំងអស់ជ្រាបជាព័ត៌មាន ៕