• Cambodia Peace Channel

ខ្លាំងបាត់! Honda យកអតីតគ្រូ AC Milan ២រូបមកជួយបង្ហាត់កម្ពុជាត្រៀមជម្រុះ AFC U23

ភ្នំពេញ៖ខណៈក្រុមបាល់ទាត់U23កម្ពុជាកំពុងត្រៀមលក្ខណៈដើម្បីប្រកួតជម្រុះ AFC U23 Championship 2020 អ្នកចាត់ការទូទៅ Keisuke Honda បាននាំអតីតគ្រូបង្វឹកក្លិបយក្សអ៊ីតាលី AC Milan ២រូបមកជួយក្រុម។
U23កម្ពុជាដែលជាម្ចាស់ផ្ទះពូល H នឹងត្រូវតតាំងជាមួយក្រុមគីឡូធ្ងន់ដូចជា អូស្ត្រាលី កូរ៉េខាងត្បូង និង ចិនតៃប៉ិ ខណៈមានតែក្រុមលេខ១ក្នុងពូលប៉ុណ្ណោះដែលនឹងបានឡើងទៅលេងជុំផ្ដាច់ព្រ័ត្រឆ្នាំក្រោយ។

ជាមួយនឹងឆន្ទៈមោះមុត Honda ដែលទើបទំនេរពីភារកិច្ចនៅក្លិបអាជីពក្នុងប្រទេសអូស្ត្រាលី បានធ្វើដំណើរមកដល់កម្ពុជាថ្មីៗនេះដើម្បីចូលរួមបង្ហាត់ក្រុមជម្រើសជាតិកម្ពុជាផ្ទាល់។ លើសពីនេះ លោកថែមទាំងបាននាំក្រុមការងារបង្វឹកថ្មី២រូបមកជួយថែមទៀតផង។

ម្នាក់គឺលោក Alfredo Magni អតីតគ្រូអ្នកចាំទីរបស់ក្លិប AC Milan ពីឆ្នាំ២០១៤ដល់២០១៨ និងម្នាក់ទៀត គឺលោក Giorgio Bianchi ដែលធ្លាប់បង្វឹកនៅ AC Milan ដែរក្នុងឆ្នាំ២០១៧។ នេះជាលើកដំបូងដែល Honda បាននាំគ្រូជំនាញទាំងពីរមកជួយកម្ពុជា តែគេនៅមិនទាន់ដឹងថា គ្រាន់តែមកជួយបណ្ដោះអាសន្ន ឬជាអចិន្រ្តៃយ៍នៅឡើយទេ។

សូមរំឭកថា Honda ធ្លាប់លេងឱ្យ AC Milan ពីឆ្នាំ២០១៤ដល់២០១៧ ដោយចូលលេងបាន៨១លើក និងរកបាន៩គ្រាប់៕
ដោយ៖ស្រេន ឡាវី