• Cambodia Peace Channel

ហៅ សុជាតិ ៖ យើងត្រៀមដាក់ពេញជើង មិនបន្ធូរដៃឲ្យគូរប្រកួតទេ

ភ្នំពេញ៖ការប្រកួតក្របខណ្ឌ Metfone Cambodian League2019 របស់កម្ពុជានឹងបន្តការប្រកួតសាជាថ្មី ក្រោយសម្រាកក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

ការប្រកួតសប្តាហ៍ទី៤ នៃលីគកំពូលកម្ពុជា ក្លិបបឹងកេតនឹងត្រូវដំណើរទៅម្ចាស់ផ្ទះក្លិបកីឡាបាល់ទាត់ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ស្អែកនេះ នៅទីលានវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន សែន មេមត់។

មុនការប្រកួតមកដល់ គ្រូបង្គោលក្លិបបឹងកេត លោក ហៅ សុជាតិ នឹងរៀបចំក្រុមធ្វើយ៉ាងណាអាចរកគ្រាប់បាល់បានច្រើនតាមដែលអាចធ្វើទៅបាន ក្នុងជំនួបនេះ។

គ្រូបង្គោលបឹងកេត លោក ហៅ សុជាតិ លើកឡើងថាហ្នឹងហើយ បើយើងមានឱកាសក្នុងការរកគ្រាប់បាល់បានច្រើន យើងនឹងព្យាយាមរកឲ្យបានច្រើន គឺមិនបន្ធូរឲ្យដៃគូរទេ ហើយយើងក៏ត្រៀមដាក់ពេញជើងដែរ ព្រោះយើងត្រូវការជ័យជំនះ”។

លោកបន្តទៀតថា ក្រោយពីត្រឡប់មកពីចូលឆ្នាំវិញ កីឡាករយើងបានហ្វឹកហាត់ជុំគ្នាបានល្អណាស់។ នេះបើយោងតាមការចុះផ្សាយនៅលើគេហទំព័រ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា ហៅកាត់ថា CNCC។

គួររម្លឹកផងដែរថា ក្លិបបឹងកេតដែលមានប្រភពពីចម្ការកៅស៊ូបឹងកេត សម្រាប់ ៣ប្រកួតកន្លងមកនេះ លទ្ធផលហាក់មិនសូវបានល្អសោះ ពោលគឺឈ្នះ ១ប្រកួត ចាញ់១ប្រកួត និងស្មើ១ប្រកួត៕

ដោយ៖ស្រ៊ីប ឡានី