• Cambodia Peace Channel

លោក Akira Nisino មានមហិច្ឆតានាំជម្រើសជាតិថៃ ដល់វគ្គ World Cup 2022 ខណៈកម្ពុជាត្រឹមផ្លាស់ប្តូរទម្រង់លេង

ថៃ៖គ្រូបង្វឹកថ្មីរបស់ថៃ លោក Akira Nisino បានបង្ហាញឆន្ទៈរបស់លោកថា “គោលដៅរបស់ខ្ញុំ គឺដើម្បីជួយប្រទេសថៃអាចលេងប៉ះក្រុមខ្លាំងៗដូចជាជប៉ុនជាដើម។ នៅក្នុងផែនការរយៈពេលខ្លីរបស់ខ្ញុំ គឺជួយឲ្យក្រុម ទទួលបានជោគជ័យនៅក្នុងការប្រកួតវគ្គជម្រុះជុំទី២ នៃពានរង្វាន់ Asian Cup និងអាស៊ីហ្គេម”។

គ្រូបង្គោលថ្មីរូបនេះបន្តថា នៅក្នុងពូល G អារ៉ាប់រួមជាក្រុមខ្លាំងបំផុត ប៉ុន្តែយើងនឹងរៀបចំក្រុមឲ្យល្អបំផុតដើម្បីត្រៀមប្រកួតដំបូងប៉ះជាមួយក្រុមជម្រើសជាតិវៀតណាម។ បំណងធំរបស់ខ្ញុំគឺ ចង់នាំជម្រើសជាតិថៃលេងដល់ព្រឹត្តិការណ៍ World Cup 2022។

លោកថ្លែងបែបនេះ ធ្វើឡើងនៅក្នុងពិធីបង្ហាញខ្លួនជាផ្លូវការ ជាមួយក្រុមជម្រើសជាតិថៃ ដោយលោកបានចុះកិច្ចសន្យារយៈពេល ២ឆ្នាំក្នុងការដឹកនាំក្រុមជម្រើសជាតិថៃ កាលពីថ្ងៃទី១៩ ខែកក្កដា ម្សិលមិញ។ នេះបើយោងតាមការចុះផ្សាយរបស់ Thethao247 ។

អតីតគ្រូបង្គោលសាំម៉ូរ៉ៃជប៉ុន និងជាអតីតគ្រូរបស់ Kiesuke Honda គ្រូបង្គោលរបស់គោព្រៃកម្ពុជា មានមហិច្ឆតាដឹកនាំជម្រើសជាតិថៃ លេងដល់កម្រិតព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ខណៈដែលគ្រូបង្វឹកកម្ពុជាមានបំណងចង់ពង្រឹងសមត្ថភាពកីឡាករ និងផ្លាស់ប្តូរទម្រងលេងរបស់គោព្រៃជាមុន។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ អតីតជម្រើសជាតិជប៉ុន លោក Kiesuke Honda គេសង្កេតឃើញថា ទម្រង់លេងរបស់ជម្រើសជាតិកម្ពុជា មានការអភិវឌ្ឍច្រើនគួរឲ្យកត់សំគាល់ ហើយមានការផ្លាស់ប្តូរសមាជិកជម្រើសជាតិដែលភាគច្រើនជាយុវជន និងមានសមត្ថភាព៕ ដោយ៖ស្រ៊ីប ឡានី