• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ស្រ្តីម្នាក់សង្ស័យមានបញ្ហាផ្លូវចិត្ត វាយធ្វើបាបកូនរបស់ខ្លួនបណ្ដាលអោយរងរបួសធ្ងន់

ភ្នំពេញ៖ កុមារម្នាក់មានវ័យប្រហែល១ខួប ត្រូវបានស្ត្រីជាម្ដាយសង្ស័យមានបញ្ហាផ្លូវចិត្ត វាយធ្វើបាបណ្តាលឲ្យរបួសត្រូវបញ្ជូនទៅមន្ទីរពេទ្យ គន្ធបុប្ផា ភ្លាមៗ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចទល់មុខផ្សារទំនើប អ៊ីអនម៉ល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញស្ត្រីជាម្តាយ មានសភាពមិនសូវប្រក្រតី ហាក់ដូចមនុស្សវង្វេងស្មារតី និយាយម្នាក់ឯង រហូតឈានដល់ការប្រើហិង្សាទៅលើកូនរបស់ខ្លួន ដោយវាយ និងចាប់បោក រហូតក្មេងតូចនោះ រងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះឃើញ ក៏នាំគ្នាឃាត់ និងបញ្ជូនក្មេងទៅមន្ទីរពេទ្យគន្ធបុប្ផាដើម្បីសង្គ្រោះបន្ទាន់ភ្លាមៗ។

ប្រភពព័ត៌មានបានបន្ថែមថា ស្ត្រីជាម្តាយមានវ័យជាង២០ឆ្នាំ មុខរបរនៅផ្ទះ និងមានប្តីជាជនជាតិចិន ដោយបច្ចុប្បន្នប្តីរបស់គាត់ កំពុងធ្វើការនៅក្រុងព្រះសីហនុ ចំណែកគាត់ នៅផ្ទះមើលកូន តែមិនដឹងមូលហេតុអ្វី ទើបឈានដល់ការវាយកូនរបស់ខ្លួន ខណៈករណីនេះមិនមែនជាលើកទី១ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនស្ត្រីជាម្ដាយ ទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទន្លេបាសាក់ ដើម្បីធ្វើការត្រួតពិនិត្យជាតិអាល់កុល និងសារធាតុញៀន ព្រមទាំងអនុវត្តតាមនីតិវិធីច្បាប់ផងដែរ៕