• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ទឹកធ្លាក់ថ្មក្រាល ជារមណីយដ្ឋានដ៏ទាក់ទាញដោយសារតែសម្រស់ធម្មជាតិ និងទឹកធ្លាក់ដ៏សែនត្រជាក់លាងជម្រះនូវភាពនឿយហត់

កំពង់ឆ្នាំង៖ ទឹកធ្លាក់ថ្មក្រាល នៅតែជារមណីយដ្ឋានដ៏ទាក់ទាញ ដោយសារតែសម្រស់ធម្មជាតិ ដែលអាចឱ្យភ្ញៀវទេសចរ ទស្សនាលំហែកាយ នៅក្រោមម្លប់ឈើដ៏ត្រឈឹងត្រឈៃ កម្សាន្តជាមួយនូវទឹកធ្លាក់ដ៏សែនត្រជាក់ លាងជម្រះនូវភាពនឿយហត់ តប់ប្រមល់ និងទុក្ខសោកទាំងឡាយ ដែលមាន ទីតាំងស្ថិតនៅភូមិកោះក្ទម្ព ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដែល មានចម្ងាយប្រមាណ ៥៧ គីឡូម៉ែត្រ ពីក្រុងកំពង់ឆ្នាំង។

ភ្ញៀវទេសចរដែលចង់ទៅលេងកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់ថ្មក្រាល ត្រូវធ្វើដំណើរចេញពីទីរួមខេត្តកំពង់ឆ្នាំង តាមផ្លូវជាតិលេខ៥៣ ទៅដល់ផ្សារស្រុកទឹកផុស ត្រូវបន្តដំណើរឆ្លងកាត់ផ្លូវរថភ្លើង រហូតដល់ជិតវត្តក្នុងខ្លុងពពក ដែលមានចម្ងាយជាង៣០គីឡូម៉ែត្រ រួចបត់ស្តាំតាមផ្លូវក្រាលកៅស៊ូ និងក្រួសក្រហមជាង២០គីឡួម៉ែត្រ ទើបដល់ទៅដល់រមណីយដ្ឋានដ៏ស្រស់ស្អាតមួយនេះ ។ ។

លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ទឹកធ្លាក់ថ្មក្រាលគឺជាតំបន់ទឹកធ្លាក់ធម្មជាតិយ៉ាងស្រស់ស្អាតនិងមានបរិស្ថានល្អ ដែលធ្វើឱ្យភ្ញៀវទេសចរនិងអន្តរជាតិ ទៅលេងកម្សាន្តមិនចេះជិនណាយ ដោយសារនៅក្នុងតំបន់នោះមានទឹកធ្លាក់ពីលើភ្នំដែលអាចឱ្យមនុស្សចាស់និងក្មេង អាចងូតទឹកលេងកម្សាន្តនៅក្រោមម្លប់ឈើតូចធំបានយ៉ាងងាយស្រួល ។ បន្ថែមពីនោះទៀត ក្រៅពីងូតទឹកលេងកម្សាន្ត ភ្ញៀវទេសចរក៏អាច អង្គុយលេង ហូបអាហារ និងគយគន់ធម្មជាតិដ៏ខៀវស្រងាត់ផងដែរ។

បន្ថែមពីនេះ ទៅទៀត « រមណីយដ្ឋានទឹកធ្លាក់ថ្មក្រាលគឺរមណីយដ្ឋានធម្មជាតិមួយដ៏សំខាន់ដែល ប្រជាពលរដ្ឋក៏ដូចជាភ្ញៀវទេសចរក្នុងស្រុកនិងក្រៅស្រុកមកលេងកម្សាន្តច្រើនណាស់ ព្រោះទីនោះមានទឹករាក់ដែលអាចលេងកម្សាន្តពីក្មេងរហូតដល់មនុស្សចាស់ មិនមានគ្រោះថ្នាក់ទេទឹករាក់អាចហែលលេងបាន ប៉ុន្តែពេលភ្លៀងម្តងៗទឹកអាចមានគំហុកដែរ ។ អ៊ីចឹងកន្លែងនោះគឺជាទឹកធ្លាក់ធម្មជាតិដែលហូរពីភ្នំ អ៊ីចឹងហើយបានភ្ញៀវទេសចរជាតិ ឬភ្ញៀវទេសចរ មានការទាក់ទាញទៅលេងខ្លាំងណាស់នៅទីនោះ » ៕