• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-បង្គាមានចាក់សារធាតុចាហួយ ចំនួន ១៦០គីឡូក្រាម ត្រូវបានមន្រ្តីជំនាញរកឃើញក្នុងភូមិសាស្រ្តខណ្ឌច្បារអំពៅ

ភ្នំពេញ៖  មន្ត្រីស៊ើបអង្កេត/អធិការកិច្ចម្ហូបអាហារ នៃសាខា ក.ប.ប. រាជធានីភ្នំពេញ បានដឹកនាំកម្លាំងមន្ត្រីជំនាញ និងមានការចូលរួមសហការពីអាជ្ញាធរដែនដីក្នុងខណ្ឌច្បារអំពៅ បានចុះត្រួតពិនិត្យទីតាំង ស្តុកទុក និងចែកចាយ ផលិតផលគ្រឿងសមុទ្រ មាន់ខ្មៅបង្កក ព្រុយត្រីសាលម៉ុន ។ល។ ចំនួន ១ទីតាំង ដែលយកមករក្សាទុក ក្នុងទូរបង្កក សម្រាប់ផ្គត់ផ្គង់តាមតម្រូវការទីផ្សារ និងចុងភៅការជាដើម នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។
យោងតាមលទ្ធផលទទួលបានពីមន្ត្រីជំនាញ៖- បានបញ្ជូនគំរូសំណាកមួយចំនួន ទៅមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីវិភាគពីកំរិតហានិភ័យនៃផលិតផលទាំងនោះ- បានរកឃើញ «បង្គាស្រស់» មានចាក់សារធាតុចាហួយ ចំនួន៤កេស ស្មើនឹង១៦០ គីឡូក្រាម
សូមបញ្ជាក់ផងដែរថា បង្គាទាំងនោះ ត្រូវបានមន្ត្រីយើងដកហូត និងយកទៅបំផ្លាញចោលនៅទីលានចាក់សម្រាមខណ្ឌដង្កោ ក្រោយបញ្ចប់បេសកកម្មភ្លាមៗ៕