• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក

ភ្នំពេញ៖តបតាមការអញ្ជើញរបស់លោកជំទាវបណ្ឌិត អាមីដា សាលស៊ីអាហ៍ អាលីសចាបាណា អគ្គលេខាធិការរងអង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក (the Economic and Social Commission for Asia and the Pacific- ESCAP) សម្តេចមហាបវរធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញចូលរួមថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់ UN-ESCAP ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងបាងកក នាថ្ងៃទី ២២ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងនាថ្ងៃទី១៧ ខែមេសាកន្លងទៅថា អញ្ជើញអមដំណើរ សម្ដេចធិបតី រួមមាន ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្ដាប់ និង ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា។

តាមការបញ្ជាក់ពីក្រសួងការបរទេស ក្រោមប្រធានបទ «ការប្រើប្រាស់នវានុវត្តន៍ឌីជីថលសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក» សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល នឹងវិធីសាស្ត្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុង កើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕