• Cambodia Peace Channel

រដ្ឋាភិបាលស្រីលង្កាបានចេញច្បាប់រឹតបណ្តឹងទៅលើប្រព័ន្ធផ្សព្វផ្សាយបណ្តាញសង្គម ក្រោយមានការវាយប្រហារភេរវកម្ម

ស្រីលង្កា៖កាលពីថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩ ប្រទេសស្រីលង្កាត្រូវបានវាយប្រហារភេរវកម្មបំផ្ទុះគ្រាប់បែកជាច្រើនកន្លែងនៅក្នុងសណ្ឋាគារប្រណិតៗ និងព្រះវិហារចំថ្ងៃនៃការប្រារព្ធពិធីរបស់សាសនាគ្រឹស្ត បណ្តាលឱ្យមានមនុស្សស្លាប់ជាង២០០នាក់ និងរបួសរាប់រយនាក់ ។

រដ្ឋាភិបាលស្រីលង្កាបានចេញច្បាប់ដើម្បីរាំងខ្ទប់ពីបញ្ហានេះ ដោយមានការរឹតបណ្តឹងសិទ្ធិចូលមើលគេហទំព័រទៅលើ Facebook, Messenger, Instagram, WhatsApp, Viber និង YouTube ជាដើម ក្នុងគោលបំណងខ្លាចមានការផ្សព្វផ្សាយពីរឿងប្រឌិត បំភ្លើស បំផុសបំផុល ក្នុងន័យកេងចំណេញណាមួយឬញុះញង់ឱ្យមានការស្អប់ខ្ពើម ។

ទីប្រឹក្សាប្រធានាធិបតីលោក Harindra Dassanayake បានថ្លែងថា “នេះគឺជាការសម្រេចជាឯកតោភាគី” ហើយការសម្រេចនេះត្រូវបានធ្វើឡើងដោយមានក្តីព្រួយបារម្ភថា ការវាយប្រហារភេរវកម្មនេះនឹងបង្កឱ្យមានរលកនៃការផ្សព្វផ្សាយព័ត៌មានមិនពិត ការស្អប់ ការនិយាយបំភ្លើស និងអំពើហិង្សា ។ នេះបើតាមការផ្សាយរបស់គេហទំព័រ The Verge ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នេះ ។

គួរជម្រាបថា ការចេញច្បាប់នេះ បានធ្វើឡើងខណៈដែលក្រុមហ៊ុនហ្វេសប៊ុក និងប្រព័ន្ធផ្សព្វផ្សាយសង្គមផ្សេងទៀតបានស្ថិតក្រោមការពិនិត្យពិច័យក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយធ្លាប់មានការផ្សព្វផ្សាយព័ត៌មានមិនត្រឹមត្រូវ និងបោកបញ្ឆោតដែលបង្កឱ្យមានអំពើហឹង្សាកើតមានឡើង ៕

ដោយ៖វីរ៉ា វីន