• Cambodia Peace Channel

បឹងកេតអាចយក ៣ពិន្ទុ ពីវិសាខា បានទេ ក្រោយប្រកួតដំបូងបានត្រឹមស្មើជាមួយអង្គរថាយហ្គឺរ

ភ្នំពេញ៖ព្រឹត្តិការណ៍លីគកំពូលកម្ពុជា មិត្តហ្វូនខេមប៊ូឌានលីគ ឈានចូលសប្តាហ៍ទី២ ហើយ នៅថ្ងៃទី២២ ខែកុម្ភៈ នេះ។ កាលវិភាគសម្រាប់ថ្ងៃទី២២ ខែកុម្ភៈ នេះ មានពិសេសចំនួន ៣ក្រុម ពោលគឺក្រុមណាហ្គាវើលដ៍ ប៉ះជាមួយក្រុម នគរបាលជាតិ ខណៈក្រុមបឹងកេត ប៉ះជាមួយ វិសាខា និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវជួបជាមួយក្រុមគិរីវង់សុខសែនជ័យ។

គូរពិសេសសម្រាប់រសៀលនេះ គឺក្រុមនាគខៀវបឹងកេត នឹងត្រូវប៉ះជាមួយក្រុមខ្លាំងវិសាខា ដែលជាក្លិបមួយសំបូរទៅដោយកីឡាករល្អៗ និងជាសមាជិកជម្រើសជាតិកម្ពុជាផងដែរ។ ការប្រកួតនេះ ធ្វើអោយអ្នកគាំទ្រវិស័យកីឡានៅកម្ពុជា រំពឹងថា ជាការប្រកួតដ៏តានតឹង និងជាការប្រកួតដ៏ជក់ចិត្តបំផុត ព្រោះក្រុមទាំងពីរ មានធនធានកីឡាករល្អ ហើយវិសាខា ជាបេក្ខភាពក្លិបប្រជែងដំណែងជើងឯករដូវកាលនេះផងដែរ។

រំលឹកសប្តាហ៍ទី១ នៃលីគកំពូលកម្ពុជា កន្លងទៅវិញ ក្រុមម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្លិបបឹងកេតបានត្រឹមស្មើជាមួយក្លិបអង្គរថាយហ្គឺរ ក្នុងលទ្ធផល ១ទល់នឹង១ ប៉ុណ្ណោះនៅកីឡដ្ឋានដែលមានមូលដ្ឋានខេត្តសៀមរាប ខណៈដែលក្រុមវិសាខា បានឈ្នះក្រុមនគរបាលជាតិ ក្នុងលទ្ធផល ២ទល់នឹង១ នៅក្នុងដី ធ្វើឲ្យក្រុមនេះ ស្ថិតនៅចំណាត់ថ្នាក់លេខ៣ មាន ៣ពិន្ទុ ប៉ុណ្តោះអាសន្ត ខណៈបឹងកេត នៅចំណាត់ថ្នាក់លេខ៥ មាន ១ពិន្ទុ។

យ៉ាងណាក៏ដោយ សម្រាប់ការប្រកួតនារសៀលនេះ មជ្ឈដ្ឋានអ្នកស្នេហាវិស័យកីឡាបាល់ទាត់កម្ពុជាបង្ហាញការយល់ឃើញថា ក្លិបបឹងកេតអាចនឹងយកឈ្នះក្រុមវិសាខា ដោយសារសមាជិកក្រុមមានការតាំងចិត្តខ្ពស់ និងក្នុងដីរបស់ខ្លួន ដែលមានអ្នកគាំទ្រយ៉ាងច្រើនកុះករផងដែរ។ ខ្សែប្រយុទ្ធបឹងកេត កីឡាករ ម៉ាត់ នូរ៉ុណ បានឲ្យ CPC NEWS ដឹងនាថ្ងៃទី២២ ខែកុម្ភៈ នេះ ថា “សម្រាប់ការប្រកួតនេះ ប្តេជ្ញាចិត្តឲ្យបានលទ្ធផលល្អ” ខណៈខ្សែប្រយុទ្ធ កែវ សុខផេង របស់ វិសាខា ក៏ប្តេជ្ញាចិត្តយក ៣ពិន្ទុឲ្យបានពីបឹងកេត។

សូមជម្រាបថា ក្រុមនាគខៀវបឹងកេត នឹងត្រូវបើកទ្វារកីឡដ្ឋាន ខេមបូឌាអ៊ែវ៉េ ទទួលក្រុមភ្ញៀវ វិសាខា នៅវេលាម៉ោង ១៥៖៣០នាទីរសៀល នាថ្ងៃទី២២ ខែកុម្ភៈ ក្នុងព្រឹត្តិការណ៍លីគកំពូលកម្ពុជា សប្តាហ៍ទី២ នេះ៕