• Cambodia Peace Channel

ចិនប្រកាសថា សេដ្ឋកិច្ចខ្លួនងើបឡើងវិញហើយ ខណៈប្រទេសដទៃកំពុងជួបបញ្ហាកូវីដ១៩ នៅឡើយ

ប៉េកាំង ៖ មិនខុសពី​ប្រទេស​ជាច្រើនទៀត​ក្នុង​ពិភព​លោក​ឡើយ​ ចិន​បានពើបប្រទះ​នឹង​វិបត្តិ​សេដ្ឋកិច្ច​ធ្ងន់ធ្ងរ​ព្រោះតែ​ជំងឺ​កូវីដ​១៩​។ សេដ្ឋកិច្ចចិន​នៅឆ្នាំ​ ២០២០​ បាន​រង​ផលប៉ះពាល់​ខ្លាំង​មិន​ធ្លាប់​មាន​នោះទេ​ក្នុង​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយនេះ​ ដោយសារ​តែ​វិធានការ​បិខ​ខ្ទប់​ប្រទេស​កាល​ពីពេល​កន្លងមក​នេះ​។​​

យ៉ាងណាមិញ​ សេដ្ឋកិច្ច​ចិន​មានភាព​ប្រសើរ​ឡើងវិញ​បន្ទាប់ពី​អាជ្ញាធរ​អាច​គ្រប់គ្រង​និង​ទប់ស្កាត់​ការឆ្លងរាលដាល​ជំងឺកូវីដ​ចាប់ខែ​មេសាមក​។ ហើយ​ចិន​ក៏​ទំនង​ជា​ប្រទេស​មហា​អំណាច​ពិភព​លោក​តែ​មួយ​គត់​ដែល​មាន​អត្រា​កំណើន​សេដ្ឋកិច្ច​វិជ្ជមាន​នៅឆ្នាំ​នេះ។ តាម​តួលេខ​ផ្លូវការ​របស់​ការិយាល័យ​ស្ថិតិ​ចិន​ សេដ្ឋកិច្ច​ចិន​មាន​កំណើន​ជាប់ៗគ្នា​នៅត្រីមាស​ទី២​ (៣,២%) និងត្រីមាស​ទី៣​ (៤,៩%) នា​ឆ្នាំ​២០២០​នេះ​។

ដ្បិត​ថា​សេដ្ឋកិច្ចចិន​ បាន​ងើប​ឡើង​មក​វិញក្តី​ តែ​វា​នៅ​តែ​មិនទាន់​រឹងមាំ​ល្អ​ដូច​ធម្មតា​នោះទេ​ និង​អាច​ប្រឈម​នឹង​ហានិភ័យ​មួយចំនួន​។ នៅក្នុង​សន្និសីទ​ស្តីអំពី​ការងារ​សេដ្ឋកិច្ច​ ក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតីស៊ី​ ជីនពីង​ ក្រុម​មន្ត្រី​ចិន​បាន​និយាយ​ថា​ការ​កើន​ឡើង​មកវិញ​នៃ​សេដ្ឋកិច្ចចិន​ គ្មាន​ស្ថិរភាព​និង​ភាព​ប្រកដប្រជា​នោះទេ​។

ហេតុដូចនេះ​ ដើម្បី​អាច​ស្តារ​កំណើន​សេដ្ឋកិច្ចឲ្យខ្លាំងឡើង​ដូចធម្មតាវិញ​ ប៉េកាំងនឹង​ជំរុញ​ឲ្យ​មាន​ការ​ឧបត្ថម្ភ​គាំទ្រ​ផ្នែកហិរញ្ញវត្ថុ​ដល់​ការ​ច្នៃប្រឌិត​បច្ចេកវិទ្យា​ អាជីវកម្ម​ខ្នាត​តូច​ និង​គម្រោង​បៃតង​ទៅក្នុង​គោលនយោបាយ​សម្រាប់​ឆ្នាំថ្មី​របស់ខ្លួន។

បូកបន្ថែមពីលើនេះ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​ចិន​ក៏​បាន​អះអាងដែរថា​ពួកគេ​នឹង​ទប់ស្កាត់​ការ​ពង្រីក​ដើមទុន​ដែល​គ្មាន​ការគ្រប់គ្រងត្រឹមត្រូវ​ ដើម្បី​ប្រឆាំងនឹង​ភាព​ផ្តាច់​មុខ​របស់​ក្រុមហ៊ុន​ណា​មួយ​។

គេដឹងថា​ ការ​អះអាង​របស់​មន្ត្រីចិន​បែបនេះ​ធ្វើឡើង​បន្ទាប់ពី​ទីក្រុង​ប៉េកាំង​បង្ហាញ​សញ្ញា​មិន​ពេញ​ចិត្ត​នា​ពេល​ថ្មីៗនេះ ចំពោះ​ដែន​អំណាច​ដែល​កំពុង​រីកសាយភាយ​ខ្លាំង​របស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗរបស់​ចិន​។

កាល​ពី​ខែ​វិច្ឆិកា​កន្លងទៅ​ រដ្ឋបាល​លោកស៊ី ជីនពីង​ ថែមទាំង​បាន​ចេញ​សេចក្តី​ព្រាង​ច្បាប់​ប្រឆាំង​នឹង​សេចក្តី​ជឿទុកចិត្ត​ ដោយ​ស្នើឲ្យ​មាន​បទប្បញ្ញត្តិ​បន្ថែមទៀត​ដើម្បីអាច​កណត់​ព្រំដែន​របស់​ក្រុមហ៊ុន​មហាសេដ្ឋី​ចិន​លោក​ជេក ម៉ា​ទៀត​ផង​៕