• Cambodia Peace Channel

CPC-ម្ចាស់ឃ្លាំងលក់រថយន្តអេសអរ ដារ៉ា ចេញសែកស្អុយ រួចយករថយន្តអ្នកដទៃទៅលក់ហើយរត់គេចខ្លួន

ភ្នំពេញ៖ ម្ចាស់ឃ្លាំងលក់រថយន្តអេសអរ ដារ៉ា ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ឧញ៉ា ម៉ុងឬទ្ធី ១៩២៨ ជិតផ្សារទំនើប អ៊ីអន ២ បានរងការចោទប្រកាន់ថាបានចេញសែកស្អុយ រួចយករថយន្តរបស់អ្នកដទៃទៅលក់ ហើយរត់គេចខ្លួនបាត់ស្រមោល។

យោងតាមការបង្ហោះតាមបណ្តាញសង្គមហ្វេសបុកពីគណនី ឈ្មោះ Ly Bunna ដែលទំនងជាម្ចាស់ឃ្លាំងរថយន្ត ប៉ុណ្ណា ១៦៨ បានបង្ហោះខ្លឹមសារ និងរូបភាពជាច្រើនសន្លឹកកាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ថា ម្ចាស់ឃ្លាំងលក់រថយន្តអេសអរ ដារ៉ាបានចេញសែកដែលគ្មានសាច់ប្រាក់(សែកស្អុយ)ដោយយករថយន្តរបស់ខ្ញុំបាទយកទៅលក់យកលុយរត់តែម្តង គឺមានគម្រោងរៀបចំផែនការច្បាស់លាស់ ហើយមិនមែនមានតែខ្ញុំទេ គឺច្រើននាក់ ដោយមិនមែនជាការក្ស័យធនទេ គឺក្បត់ទំនុកចិត្តលក់បានប្រមូលលុយរត់តែម្តង ។

គណនីឈ្មោះ Ly Bunna បានបន្តថា យើងខ្ញុំនឹងពិភាគ្សាជាមួយមេធាវីរកនាក់ចូលរួមពាក់ពន្ធធ្វើការទៅតាមផ្លូវច្បាប់ហើយ បើបងប្អូនណាឃើញបុគ្គលនេះនៅកន្លែងណាសូមផ្តល់ព័ត៌មានខ្ញុំបាទ នឹងជូនសាគុណជាទីគាប់ចិត្ត ឬផ្តល់ទៅសមត្ថកិច្ចដែលនៅជិតលោកអ្នក។

ជុំវិញបញ្ហានេះ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ CPC NEWS បានសុំការបំភ្លឺបន្ថែមពីលោក Ly Bunna ប៉ុន្តែត្រូវបានលោកបញ្ជាក់ថាមានតំណាងម្ចាស់ឃ្លាំង អេសអរ ដារ៉ា មកសុំចរចាជាមួយលោកដែរ រងចាំដោះស្រាយគ្នានៅពេលក្រោយ៕