• Cambodia Peace Channel

CPC-កម្ពុជានៅតែរក្សាជំហរលុបពាក្យ Muay Thai ចេញពីកីឡាប្រដាល់ មកជាពាក្យ Kun Khmer ទោះថៃមិនមកចូលរួមប្រកួតក៏ដោយ

ភ្នំពេញ៖ថ្មីកន្លងមកនេះ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ ២០២៣ (CAMSOC) របស់កម្ពុជា បានសម្រេចលុបពាក្យ Muay ចេញពីកីឡាប្រដាល់ស៊ីហ្គេមនៅលើទឹកដីខ្លួន ដោយជំនួសវិញនៅពាក្សថា Kun Khmer ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បានថ្លែងប្រាប់បណ្តាញសារព័ត៌មានថា ការសម្រេចប្រើពាក្យ «គុនខ្មែរ ឬ Kun Khmer» ដោយគ្មានភ្ជាប់ពាក្យ «Muay» ដែលជាប្រភេទក្បាច់គុនរបស់ថៃ ដោយមានឈ្មោះពេញថា Muay Thai នេះ គឺកម្ពុជា បានធ្វើលិខិតជាលាយលក្ខណ៍អក្សរយ៉ាងត្រឹមត្រូវ ដើម្បីផ្ញើទៅកាន់ប្រទេសជាសមាជិកស៊ីហ្គេមរួចហើយ ម្យ៉ាងការធ្វើបែបនេះ គឺដើម្បីបង្ហាញពីកីឡាអត្ដសញ្ញាណរបស់ជាតិ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូងក្នុងឆ្នាំ ២០២៣ នេះ។

ជាមួយគ្នានេះ ការរក្សាគោលជំហរប្រើឈ្មោះប្រដាល់គុនខ្មែរ ឬ Kun Khmer នៅក្នុងស៊ីហ្គេម ឆ្នាំ២០២៣ របស់កម្ពុជានេះ គឺត្រូវបានធ្វើឡើង បន្ទាប់ពីភាគីថៃ បានប្រតិកម្ម និងប្រកាសថា ពួកគេនឹងមិនបញ្ជូនក្រុមអត្តពលិកប្រដាល់ Muay Thai របស់ខ្លួន ឱ្យមកចូលរួមប្រកួតលើប្រភេទកីឡា Kun Khmer ក្នុងស៊ីហ្គេម លើកទី៣២ ក្នុងខែឧសភា ឆ្នាំ២០២៣នេះទេ។

ឆ្លើយតបនិងបញ្ហានេះ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា ខ្មែរនឹងមិនបញ្ជូនអត្តពលិកទៅចូលរួមព្រឹត្តិការណ៍ស៊ីហ្គេមប្រទេសណាដែលប្រើវិញ្ញាសារ “Muay” ដូចគ្នា ព្រោះថៃមិនមែនជាម្ចាស់នៃកីឡាពិភពលោកទេ ហើយថៃក៏មិនអាចគំរាមប្រទេសណាមួយមិនឲ្យចូលរួមព្រឹត្តិការណ៍នេះបានឡើយ ។

ជុំវិញការសម្រេចលុបពាក្សកីឡាប្រដាល់ Muay នេះ បានធ្វើឲ្យមហាជនជាពិសេសអ្នកស្នេហាគុនខ្មែរ បានសម្ដែងការពេញចិត្តយ៉ាងខ្លាំងចំពោះការរក្សា គោលជំហររឹងមាំរបស់កម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣២នេះផងដែរ៕