• Cambodia Peace Channel

CPC-មន្រ្តីនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ១១នាក់ត្រូវបណ្ដេញចេញពីក្របខ័ណ្ឌ ក្រោយរកឃើញថាប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ ។

បើតាម លោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា នេះមិនមែនជាលើកទីមួយទេ ដែល ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីថ្មី សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌបន្ទាប់ធ្វើតេស្តឃើញមានសារធាតុញៀន ខណៈក្នុងនីតិកាលកន្លងទៅ អតីតរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ក៏បានអនុវត្តវិធានការនេះយ៉ាងសកម្ម និងតឹងរ៉ឹងផងដែរ។

ទន្ទឹមនិងនេះ អ្នកនាំពាក្យរងរូបនេះ សង្កត់ធ្ងន់ថា នៅមានមួយចំនួនបន្តបន្ទាប់ទៀតដែលអង្គភាពចំណុះក្រសួងមហាផ្ទៃបានរកឃើញ និងកំពុងបន្តនីតិវិធីជំនាញ តាមបទបញ្ជារបស់ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។

គួរបញ្ជាក់ផងដែរថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ៕