• Cambodia Peace Channel

CPC-រយៈពេល៣ថ្ងៃហើយ ករណីអគ្គិភ័យឆាបឆេះអគារ SKY CITY មិនទាន់រលត់នៅឡើយ

ភ្នំពេញ៖ រយៈពេល៣ថ្ងៃហើយដែល កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមទាំងកងសង្គ្រោះរបស់អង្គភាព៧១១  នៃកងពលតូចលេខ៧០ បានចូលរួមសហការជាមួយ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអន្តរាគមន៍បាញ់ពន្លត់អគ្គិភ័យ ដែលបានឆាបឆេះសំណង់អគារ១កន្លែង ដែលស្ថិតក្នុងមូលដ្ឋានសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បន្ទាប់ពីអគ្គិភ័យនេះ បន្តឆាបឆេះរហូតដល់ទៅជាង៥០ម៉ោង។

សូមរម្លឹកថា៖ ករណីអគ្គិភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតលើកំណាត់វិថីរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ដោយមានផ្សែងហ៊ុយខ្លាំងចេញពីអគារកើតហេតុខាងលើ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នាំគ្នាជួយពន្លត់ និងរាយការណ៍ទៅកាន់សមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។ក្រោយទទួលដំណឹងនេះ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញរថយន្តជាច្រើនគ្រឿងទៅកាន់ទីតាំងកើតហេតុ ដើម្បីធ្វើអន្តរាគមន៍បាញ់ពន្លត់ផងដែរ។

ប៉ុន្តែការបាញ់ពន្លត់នេះ មន្ត្រីជំនាញបានជួបឧបស័គ្គជាច្រើនដូចជាផ្លូវចូលចង្អៀត បន្ទប់តូចៗ ដែលមានផ្សែងបុកចេញមកក្រៅខ្លាំង ខណៈអណ្តាតភ្លើងបានឆាបឆេះទៅលើគ្រឿងជ័រ និងគ្រឿងសម្ភារៈផ្សេងៗទៀត ដែលងាយទទួលចំហេះ ៕