• Cambodia Peace Channel
#ប្រវត្តិសាស្រ្ត #ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-មន្រ្តីជំនាញ កំពុងជួសជុលខឿនជាន់ទីមួយ នៅប្រាសាទបាយ័ននៃជ្រុងខាងកើតឆៀងខាងត្បូង ប្រវែងជាង១០ម៉ែត្រឱ្យប្រសើរឡើងវិញ

សៀមរាប៖ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងរៀបចំជួសជុលពង្រឹងខឿនរួតទី១របស់ប្រាសាទបាយ័ន នាជ្រុងខាងកើតឆៀងខាងត្បូង ដោយសារតែខឿននោះ បានរំកិលស្រុត ថ្មកម្រាលហែកក្រៀកមិនមានលំនឹងជាដើម។
បុគ្គលិកបច្ចេកទេស នៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា លោក លឹម ហាក់ ឱ្យដឹងថា ការជួសជុលពង្រឹងខឿនប្រវែងជាង១០ម៉ែត្រ ចាប់ផ្តើមតាំងពីចុងខែវិច្ឆិកា ឆ្នាំ២០២៣។ ផ្នែកខ្លះរបស់ខឿនបានរំកិល និងស្រុត កម្រាលថ្មភក់មានសភាពរំកិលខុសពីទីតាំងដើមហើបខ្ពស់ទាបមិនស្មើគ្នា បាត់បង់សោភ័ណភាព។
ក្រុមការងារនឹងត្រូវចំណាយពេលជាច្រើនខែ ដើម្បីជួសជុលខឿនរបស់ប្រាសាទបាយ័ននៅចំណុចជ្រុងខាងត្បូងឈៀងខាងកើតនេះ ឱ្យមានភាពរឹងមាំ និងសោភ័ណភាពឡើងវិញ ព្រមទាំងអាចជួយសម្រួលដល់ដំណើរភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យងាយស្រួលដើរឆ្លងកាត់ និងមានសុវត្ថិភាពផង៕