• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-ករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តLamborghini បើកបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលអោយបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម

ភ្នំពេញ៖ បុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាម បន្ទាប់ពីត្រូវរថយន្តស៊េរីទំនើប Lamborghini បើកបុកម៉ូតូពីក្រោយពេញទំហឹង រួចព្យាយាមបើករត់គេចខ្លួន ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលស្ថិតនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា៖ គេបានឃើញរថយន្តស៊េរីទំនើប ដែលមានម៉ាក Lamborghini ពណ៌ទឹកក្រូច ស្លាកលេខកម្ពុជា F.R.999 បើកបរក្នុងល្បឿនលឿន និងរោទ៍សម្លេងយ៉ាងខ្លាំង នៅលើកំណាត់មហាវិថីសហព័ន្ធរុស្សី រួចបត់ទៅផ្លូវ២០០៤ ដោយផ្នែកខាងមុខនៃរថយន្ត មានធ្លាក់របាំងមុខ (កាងរថយន្ត)​ ផងដែរ។

ដោយឃើញជ្រុះកាងបែបនេះ សង្ស័យតែរថយន្តខាងលើនោះ បើកទៅបុកអីហើយមើលទៅ ក៏នាំគ្នាជិះមកមើលតាមផ្លូវ ក៏ប្រទះឃើញ មានមនុស្សដេកស្លាប់ ក៏សួរនាំអ្នកនៅកន្លែងកើតហេតុ ទើបដឹងថា រថយន្តខាងលើពិតជាបានបុកគេស្លាប់មែន។

ជនរងគ្រោះដែលស្លាប់មានឈ្មោះ សោន សឹត ភេទប្រុស អាយុ២៨ឆ្នាំ​ រស់នៅខេត្តសៀមរាប ជិះម៉ូតូម៉ាក ហុងដាឌ្រីមស៊េ១២៥ ពណ៌ខ្មៅ ដែលមានស្លាកលេខ សៀមរាប 1v-9127 ធ្វើដំណើរតាមបណ្តោយមហាវិថីសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច។ លុះមកដល់ចំណុចកើតហេតុ​ ហួសរាជបណ្ឌិតសភាបន្តិច ក៏ត្រូវបានរថយន្តបង្កបើកលឿនដូចហោះ បោះពួយមួយទំហឹងទៅបុកម៉ូតូពីក្រោយទាំងកំរោល បណ្តាលឲ្យមនុស្សនិងម៉ូតូខ្ទាតចេញពីគ្នាជាច្រើនម៉ែត្រ មនុស្សត្រូវបានស្លាប់ឈាមហូរដាបផ្លូវ ចំណែកម៉ូតូត្រូវបានខូចខាត។

បន្ទាប់ពីបុករួច រថយន្តបង្កមិនបានឈប់នោះទេ គឺបន្ថែមល្បឿនព្យាយាមបើករត់គេច ពីមហាវិថីសហព័ន្ធរុស្សី ទៅដល់ផ្លូវ២០០៤ ឆ្លងកាត់វិថីសេះស ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចដេញតាមឃាត់បានមនុស្ស៣នាក់ ក្នុងនោះមានបុគ្គលល្បីឈ្មោះក្នុងបណ្តាញសង្គមមួយរូបផងដែរ ដោយមិនច្បាស់ថាស្ថិតក្នុងស្ថានភាពបែបណានៅឡើយនោះទេ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនអ្នកទាំង៣ និងរថយន្តបង្ក ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរនាំ ស្វែងរកមុខអ្នកបើកបររថយន្តពិតប្រាកដ ព្រោះពេលទៅដល់ទីតាំង គ្មាននរណាម្នាក់សារភាពថាជាអ្នកបើកអោយប្រាកដនោះទេ។

ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចលើកយកមកដាក់ក្បែរផ្លូវថ្មើរជើង និងរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី រីឯម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំក្រុមគ្រួសារមកទទួល នៅពេលក្រោយ៕