• Cambodia Peace Channel

ចាន់ វឌ្ឍនាកា បង្ហើបពីកីឡាករដែលចូលចិត្តលេងជាមួយ និងសរសើរពីសមត្ថភាព

ភ្នំពេញ៖ក្នុងជំនួបរវាង ក្លិបណាហ្គាវើលដ៍ និង ក្លិបអង្គរថាយហ្គឺរ នៃក្របខណ្ឌលីគកំពូលកម្ពុជាសប្តាហ៍ទី៨ ណាហ្គាវើលដ៍ បានបំបាក់អង្គរថាយហ្គឺរក្នុងលទ្ធផល ៤ទល់នឹង០ និងធ្វើឲ្យក្រុមនេះស្គាល់រស់ជាតិចាញ់ជាលើកដំបូង ។

២គ្រាប់ដំបូងរបស់ណាហ្គាវើលដ៍ រកបានដោយខ្សែបម្រើប្រយុទ្ធ សុះ ស៊ូហាណា ស៊ុតពីចម្ងាយយ៉ាងល្អ ។ គ្រាប់បាល់ខ្សែបម្រើប្រយុទ្ធរូបនេះ ធ្វើឲ្យខ្សែប្រយុទ្ធឆ្នើមជម្រើសជាតិកម្ពុជា ចាន់ វឌ្ឍនាកា កោតសរសើរជាសាធារណៈចំពោះទម្រង់លេង និងសមត្ថភាពរបស់ខ្សែបម្រើជម្រើសរូបនេះ។

ខ្សែប្រយុទ្ធមុតស្រួចរបស់កម្ពុជាដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស ចាន់ វឌ្ឍនាកា បានធ្វើការស៊ែរគ្រាប់បាល់ដ៏ល្អរបស់ សុះ ស៊ូហាណា ដែលស៊ុតបញ្ចូលទី អង្គរថាយហ្គឺរ អមជាមួយការសរសេរថា “កីឡាករម្នាក់នេះ គឺជាកីឡាករដែលខ្ញុំតែងតែនិយាយ ដែលខ្ញុំតែងតែលេងជាមួយគាត់” ។

ការលើកឡើងរបស់ខ្សែប្រយុទ្ធរូបនេះ បង្ហាញពីការគោរព និងយល់យ៉ាងច្បាស់អំពីសមត្ថភាពនៅលើទីលានរបស់ ស៊ូហាណា ដែលគេឲ្យរហស្សនាមហៅថា កីឡាករស្ងៀមស្ងាត់ ឬតារារះស្ទើរគ្រប់រដូវ តែហាក់មិនសូវមានអ្នកចាប់អារម្មណ៍ ។

គួររម្លឹកថា ខ្សែបម្រើប្រយុទ្ធ សុះ ស៊ូហាណា និង ចាន់ វឌ្ឍនាកា ជាកីឡាករដ៏លេចធ្លោនៅជម្រើសជាតិ ជាមួយនឹងការបង្ហាញទម្រង់លេងស៊ីចង្វាក់គ្នាបានយ៉ាងល្អឥតខ្ចោះ ។ គេនៅចាំថា វឌ្ឍនាកា ធ្លាប់បញ្ជូនបាល់ឲ្យ សុះ ស៊ូហាណា បញ្ចូលទីសិង្ហបុរី និងមីយ៉ាន់ម៉ា ខណៈដែល ស៊ូហាណា ក៏ធ្លាប់បញ្ជូនបាល់ឲ្យ ចាន់ វឌ្ឍនាកា បញ្ចូលទីមីយ៉ាន់ម៉ា បាន១គ្រាប់ផងដែរកាលឆ្នាំ២០១៨ ៕

ដោយ៖ស្រ៊ីប ឡានី