• Cambodia Peace Channel

FIFA សម្រេចការប្រកួតបាល់ទាត់ពិភពលោកនៅកាតាមានចំនួន ៣២ក្រុម

កាតា៖សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ ហៅកាត់ថា FIFA បានប្រកាសកាលពីថ្ងៃពុធ ម្សិលមិញថា “បន្ទាប់ពីមានដំណើរការពិគ្រោះយោបល់យ៉ាងយកចិត្តទុកដាក់និងហ្មត់ចត់ ដោយមានការចូលរួមគ្រប់ភាគីពាក់ព័ន្ធទាំងអស់បញ្ជាក់ថា កាលៈទេសៈនេះ ការសំណើរឲ្យមានការពង្រីកទីលាន និងបន្ថែមចំនួនក្រុមដែលចូលរួមប្រកួតបាល់ទាត់នៃពានរង្វាន់ពិភពលោក FIFA World Cup 2022 នៅកាតា គឺមិនអាចធ្វើរួចនោះទេ” ។

ប្រធាន FIFA លោក Gianni Infantino បានបន្តទៀតថា តាមការវិភាគក្នុងន័យនេះដោយសន្និដ្ឋានថា ដោយសារដំណាក់កាលត្រៀមខ្ពស់នៃការរៀបចំ និងតម្រូវការសម្រាប់ការវាយតម្លៃលម្អិតនៃផលប៉ះពាល់ខាងការទទួលភ្ញៀវនៃប្រទេសដែលជាម្ចាស់ផ្ទះត្រូវការពេលវេលាបន្ថែមទៀត ហើយការសម្រេចបែបណានោះនឹងផុតកំណត់នៅថ្ងៃទី៥ ខែមិថុនា ។

ការលើកឡើងបែបនេះ កន្លងមកប្រធាន FIFA ធ្លាប់បានសិក្សាអំពីការបន្ថែមចំនួនក្រុមដែលចូលរួមប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup នៅកាតារហូតដល់ ៤៨ក្រុម ។

សូមជម្រាបផងដែរថា FIFA បានសម្រេចរួចជាស្រេចហើយ សម្រាប់ការប្រកួតបាល់ទាត់នៃពានរង្វាន់បាល់ទាត់ពិភពលោកនៅឆ្នាំ ២០២៦ នឹងធ្វើឡើងនៅប្រទេសកាណាដា ម៊ិកស៊ិកកូ និងសហរដ្ឋអាមេរិក ដែលនឹងមាន ៤៨ក្រុមចូលរួម ៕

ដោយ៖ស្រ៊ីប ឡានី