• Cambodia Peace Channel

Liverpool បន្តឈរកំពូលតារាងនាំមុខម្ចាស់ជើងឯក Manchester City ក្រោយបំបាក់ Chelsea ដល់ផ្ទះ

អង់គ្លេស៖ហង្សក្រហម Liverpool សម្រាប់ការបើករដូវកាល២០១៩-២០២០ បង្ហាញទម្រង់លេងយ៉ាងល្អនៅ Premier League ឆ្លងកាត់ ៦ប្រកួតមកនេះមិនទាន់ស្គាល់រសជាតិថា ចាញ់ឡើយ ក្រោយបំបាក់ម្ចាស់ផ្ទះតោខៀវ Chelsea ក្នុងលទ្ធផល ២ទល់នឹង១ នារាត្រីថ្ងៃទី២២ ខែកញ្ញា យប់មិញនេះ។

២គ្រាប់របស់ហង្សក្រហមរកបានដោយខ្សែការពារ Alexander-Arnold នៅនាទី១៤ បន្ទាប់ពីខ្សែប្រយុទ្ធ Mohammed Salah បញ្ជូនបាល់ឲ្យនូវបាល់ទាត់ហ្វ្រីឃីត ឬ ទាត់ដោយសេរី និងនាទី៣០ ខ្សែប្រយុទ្ធ Roberto Firmino តែតបាល់បញ្ចូលទីបានសម្រេច នៅតង់ទី១ ។

ចុងតង់ទី២ ទៅហើយ ខ្សែបម្រើប្រយុទ្ធ Kante ទាត់បញ្ចូលទីបាន ១គ្រាប់យ៉ាងល្អឲ្យក្រុមម្ចាស់ផ្ទះតោខៀវ Chelsea នៅកីឡដ្ឋាន Stamford Bridge ដែលជាការបរាជ័យជាលើកទី២ ក្នុងចំណោម ៦ប្រកួត ឈ្នះ២ ស្មើ២ មាន៨ពិន្ទុឈរនៅលេខរៀងទី១២ បណ្តោះអាសន្ន ក្រោមការដឹកនាំរបស់លោក Frank Lampard។

សូមជម្រាបថា ក្រុមរបស់លោក Jurgen Klopp បង្ហាញទម្រង់លេងយ៉ាងល្អនៅ Premier League រដូវកាលនេះ ៦ប្រកួត មិនទាន់ស្គាល់ពាក្យថា ចាញ់ ឬ ស្មើឡើយ ពោលឈ្នះគ្រប់ការប្រកួត មាន ១៨ពិន្ទុពេញបន្តឈរនៅកំពូលតារាងនាំមុខម្ចាស់ជើងឯក Manchester City រហូតដល់ ៥ពិន្ទុ៕