• Cambodia Peace Channel

Facebook ដកប៊ូតុងគ្រីសពណ៌ខៀវចេញពីផេក Apple ក្រោយមានទំនាស់នឹងគ្នា

ញូវយ៉ក ៖ កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនហ្វេសប៊ុកបានចេញសេចក្ដីប្រកាសផ្លូវការមួយរៀបរាប់អំពី iOS ជំនាន់ថ្មីរបស់ Apple ដែលនឹងដាក់ឱ្យអាប់ដេតនាពេលឆាប់ៗនេះថានឹងធ្វើឱ្យ បាត់ចំណូលរបស់ខ្លួនរហូត ៥០% ទៅលើមុខងាររកលុយមួយរបស់ហ្វេសប៊ុក Audience Network។

ហ្វេសប៊ុកលើកឡើងថា iOS 14 ដែលជាប្រព័ន្ធប្រតិបត្តិការជំនាន់ចុងក្រោយ នឹងមានផលប៉ះពាល់ខ្លាំងទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម ដោយហេតុថា Apple នឹងបិទលែងឱ្យដឹងពីលេខ ID របស់ iPhone លុះត្រាណាតែអ្នកប្រើអនុញ្ញាតឱ្យយកសិន ដែលធ្វើឱ្យការស្វែងរកមនុស្សដែលត្រូវគោលដៅកាន់តែពិបាកខ្លាំងជាងមុន។

ដោយសារតែហ្វេសប៊ុកត្រូវធ្វើទៅតាមគោលការណ៍ដែល Apple កំណត់មកហេតុនេះហើយ គ្មានជម្រើសឡើយក្រៅតែពីរង់ចាំការចរចាររកដំណោះស្រាយណាមួយ បើមិនដូច្នោះទេ អ្វីដែលហ្វេសប៊ុកព្យាករណ៍ថានឹងបាត់ចំណូល ៥០%ពី Audience Network នោះនឹងក្លាយទៅជាការពិតជាក់ជាមិនខាន។

ប៉ុន្តែរហូតមកទល់នេះ ក្រុមហ៊ុនយក្សទាំងពីរមិនទាន់មានដំណោះស្រាយនៅឡើយទេ ហើយលើសពីនេះថែមទៀត គេឃើញក្រុមហ៊ុន ហ្វេសប៊ុក បានធ្វើការដកសញ្ញា Verify ពោលគឺសញ្ញាគ្រីសពណ៌ខៀវចេញពីផេករបស់ក្រុមហ៊ុនរបស់ Apple ។ ទោះបីជាយ៉ាងណា ក្រុមហ៊ុន Apple មិនទាន់មានប្រតិកម្មណាមួយនៅឡើយទេ។

យ៉ាងណាក៏ដោយហ្វេសប៊ុកលើកឡើងថានឹងអាចធ្លាក់ចំណូលរហូត ៥០%នេះ ដោយហេតុថាហ្វេសប៊ុកនៅអាចទទួលបានទិន្នន័យរបៀបនេះពីស្មាតហ្វូនពពួក Android បានដដែល ប៉ុន្តែហ្វេសប៊ុកមានជម្រើសសម្រាប់ឱ្យអ្នកប្រើប្រាស់បិទមិនឱ្យខ្លួនប្រមូលទិន្នន័យមួយចំនួនបានជានិច្ច។

ហ្វេសប៊ុកក៏បានផ្ញើរជាសារឱ្យទៅអ្នករកលុយពី Audience Network ផងដែរថា ឱ្យត្រៀមចិត្តព្រោះថានឹងអាចធ្វើឱ្យមានការប៉ះពាល់ដល់ចំណូលពីការរកបានដូចគ្នា។ គូសបញ្ជាក់ផងដែរថានៅកម្ពុជាយើងអ្នករកលុយពី Audience Network ភាគច្រើនជាអ្នករកពី Instant Article (អត្ថបទដែលមានរូបរន្ទះ) ជាហេតុបង្ករឱ្យមានបាតុភាពអវិជ្ជមានមួយចំនួនផងដែរ កើតឡើងពីការចង់បានចំណាប់អារម្មណ៍ខ្លាំងជ្រុលពេក៕