• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-ក្រសួងការងារ និងអង្គការដើម្បីភាពញញឹមនៃកុមារ(PSE) ឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដល់យុវជនខ្មែវ

ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅរសៀលថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដើម្បីទទួលបានជំនាញជាក់លាក់សម្រាប់ទីផ្សារការងារ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី និងនាយកគ្រប់គ្រងនៃអង្គការPSE ដែលធ្វើឡើងនៅទីស្តីការក្រសួង។

ក្នុងជំនួបនោះ ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់ក្រុមយុវជនឱ្យមានជំនាញមួយនេះឱ្យពិតប្រាកដ ដើម្បីបម្រើដល់តម្រូវការសម្រាប់វិស័យឯកជន។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីភាពបត់បែន និងរស់រវើក នៃការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដែលក្រសួងបានដាក់ចេញនាពេលបច្ចុប្បន្ន ជាការគិតគូយ៉ាងយកចិត្តទុកដាក់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែក លោកស្រីនាយកគ្រប់គ្រងនៃអង្គការPSE បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រី អំពីផែនការសកម្មភាពអាទិភាពរបស់អង្គការលើផែនការយុទ្ធសាស្ត្រ ស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដែលអង្គការបាននឹងកំពុងបណ្តុះបណ្តាលលើជំនាញសំខាន់ៗចំនួន៧ ដល់សិក្ខាកាមប្រមាណ១ ៥០០នាក់នាពេលបច្ចុប្បន្ន។ ជំនាញទាំងនោះរួមមាន មេកានិក សំណង់ ភាពយន្ត សណ្ឋាគារ និងបដិសណ្ឋារកិច្ចជាដើម។

បន្ថែមពីនោះ លោកស្រីនាយកគ្រប់គ្រង បានបញ្ជាក់បន្ថែមជូនឯកឧត្តមរដ្ឋមន្ត្រីដែរថា ក្នុងផែនការមេរបស់អង្គការរយៈពេល៥ឆ្នាំទៅមុខក៏ផ្តោតលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈផងដែរ។
យ៉ាងណាក៏ដោយភាគីទាំងពីរ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់យុវជនឱ្យមានជំនាញជាក់លាក់ដើម្បីក្លាយជាកម្លាំងពលកម្មយ៉ាងសកម្មក្នុងសង្វាក់ផលិតកម្មសេដ្ឋកិច្ចរបស់កម្ពុជា៕