• Cambodia Peace Channel

Paul Pogba ៖ យើងមិនបានគោរពក្លិប អ្នកគាំទ្រ ទឹកចិត្តត្រូវបានប្រែប្រួលហើយ !

អង់គ្លេស៖ខ្សែបម្រើប្រយុទ្ធជម្រើសជាតិបារាំង និងក្លិបបិសាចក្រហម Manchester United កីឡាករ Paul Pogba បានសម្តែងការមិនគោរពដល់អ្នកគាំទ្រ និងក្លិបបិសាចក្រហម ក្រោយភ្នាត់ស្នៀតចាញ់ក្លិប Everton ក្នុងលទ្ធផល ៤ទល់នឹង០ កាលពីថ្ងៃអាទិត្យកន្លងទៅ។

Pogba បានផ្តល់ការសម្ភាសន៍ជាមួយសារព័ត៌មាន Sky Sports ថា «របៀបលេងរបស់ក្រុម និងរូបខ្ញុំផ្ទាល់ គឺមិនបានបង្ហាញសេចក្តីគោរពដល់ក្លិបឡើយ។ គ្រប់យ៉ាងគឺត្រលប់ទៅរកភាពមិនប្រក្រតី អ្វីៗគ្រប់យ៉ាងត្រូវបានប្រែប្រួល ហើយស្មារតីនៅលើទីលានត្រូវបានផ្លាស់ប្តូរ» ។

កីឡាកររូបនេះ បន្តទៀតថា “យើងមិនគោរពខ្លួនឯង ក៏ដូចជាក្លិប ឬអ្នកគាំទ្រទាំងអស់ ។ អ្វីដែលពួកយើងធ្វើនៅលើទីលាន គឺមិនបានបង្ហាញពីសេចក្តីគោរពមិត្តរួមក្រុម បុគ្គលិក កីឡាករ ឬអ្នកក្រុមការងារទាំងអស់” ។

មជ្ឈដ្ឋានទូទៅសង្កេតឃើញថា ទម្រង់លេងរបស់ក្រុមបិសាចក្រហម ពិសេសខ្សែបម្រើប្រយុទ្ធ Paul Pogba នេះផ្ទាល់ ហាក់ធ្លាក់ទម្រងលេងយ៉ាងគំហុក ក្នុងប៉ុន្មានប្រកួតចុងក្រោយនេះ បន្ទាប់ពីលោក Ole Gunnar Solskjaer មកដឹកនាំជាផ្លូវការ ។

តើនេះជាសកម្មភាពដែលកូនក្រុមមិនពេញចិត្តថ្នាក់ដឹកនាំ ដូចដែលកូនក្រុមនៃក្លិបនេះធ្លាប់បានធ្វើដាក់ជំនាន់លោក Jose Mourinho ដឹកនាំបិសាចក្រហមដែរឬទេ?

យ៉ាងណា អ្នកគាំទ្រចង់ឃើញ ក្លិបបិសាចក្រហម Manchester United ធ្វើបានល្អនារាត្រីនេះ ពេលប៉ះជាមួយ Manchester City ក្នុងពានរង្វាន់ក្របខណ្ឌ Premier League៕

ដោយ៖ស្រ៊ីប ឡានី