• Cambodia Peace Channel

CPC-អ្នកគាំទ្ររំពឹងថា រូបភាពបែបនេះ នឹងមិនកើតមានក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឡើយ បន្ទាប់ពីសំបុត្រចែកអស់ត្រឹមតែរយៈពេលមួយថ្ងៃ

ភ្នំពេញ៖បន្ទាប់ពីសំបុត្រចូលរួមទស្សនាការប្រកួតបាល់ទាត់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមខាងមុខនេះ បានចែកអស់ត្រឹមតែរយៈពេលមួយថ្ងៃហើយនោះ អ្នកគាំទ្ររំពឹងថា រូបភាពតោងរបង ផ្លោះរបងលបចូលទាំងគ្មានសំបុត្រយ៉ាងអាណាធិបតេយ្យ នឹងមិនកើតមានទៀតឡើយ ។

យោងតាមផេកផ្លូវការរបស់ សហព័ន្ធកីឡាបាលទាត់កម្ពុជា បង្ហោះរូបភាពភា្ចប់ជាមួយសំណេរ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ ដែលមានខ្លឹមសារទាំងស្រុងថា៖ សំបុត្រឥតគិតថ្លៃទាំងអស់ សម្រាប់សាធារណៈជនទស្សនាការប្រកួតកីឡាស៊ីហ្គេម វិញ្ញាសាបាល់ទាត់បុរស នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៣ ត្រូវបានចែកអស់ហើយ! សម្រាប់បងប្អូនដែលមិនមានសំបុត្រចូលរួមគាំទ្រក្រុមជម្រើសជាតិកម្ពុជាដោយផ្ទាល់នៅពហុកីឡដ្ឋានជាតិនោះទេ បងប្អូនក៏អាចរង់ចាំតាមដានទស្សនាតាមការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍បានផងដែរ។

ជាមួយគ្នានេះ ក៏មានផេកមួយចំនួន ជាពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គមបាន បង្ហោះរូបភាព កាលពីអំឡុងឆ្នាំ២០១៨-២០១៩ កន្លងទៅ ដែលបង្ហាញពីសកម្មភាព ការផ្លោះរបង ដើម្បីចូលទៅទស្សនាបាល់ទាត់ដោយភ្ចាប់នឹងសំណេរថា៖ អាចទេកុំមានរូបភាពបែបនេះកើតឡើងនៅថ្ងៃសៅរ៍ ទី២៩ ខាងមុខនេះ ខណៈកម្ពុជា ជាម្ចាស់ផ្ទះនៃ ព្រឹត្តិការណ៍ស៊ីហ្គេមលើក ៣២ នេះផងដែរ។

ជុំវិញបញ្ហានេះ អ្នកគាំទ្ររំពឹងថា សកម្មភាពបែបនេះ និងមិនកើតមានឡើយ ដោយប្ដូរមកវិញនូវសីលធម៍ដ៏ល្អថ្លៃថ្លា របៀបរៀបរយ អនាម័យ ដើម្បីរក្សាបាននូវតម្លៃ មុខមាត់ជាតិយើងទៅកាន់អន្តរជាតិ ខណៈដែលរាជរដ្ឋាភិបាលបានចំណាយយ៉ាងច្រើនដើម្បីឲ្យអន្តរជាតិស្គាល់ និងយល់ពីទឹកចិត្តកម្ពុជា ដូចនេះកុំឲ្យទង្វើបន្តិចបន្ទួច នាំឲ្យខូចមុខមាត់ និងប៉ះពាល់កិត្តិយសជាតិយើងឡើយ៕