• Cambodia Peace Channel

CPC-ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងរថយន្ត HUMMER មួយគ្រឿងបានឆក់យកជិវិតមនុស្សមួយគ្រួសារ

ភ្នំពេញ៖យ៉ាងហោចមានមនុស្សក្មេងចាស់បីនាក់បានស្លាប់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តគ្រឿងបើកបុកម៉ូតូពីក្រោយពេញទំហឹង  កាលពីវេលាម៉ោង ០០:១២នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចទល់មុខអាផាតមិន១កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា៖ មុនពេលកើតហេតុ គាត់បានជិះម៉ូតូតាមបណ្តោយវិថីព្រះសុវត្ថិ ក្នុងទិសដៅពីត្បូងទៅជើង ភ្លាមៗនោះ គាត់បានឃើញរថយន្តបង្ក មានពណ៌ខ្មៅ មិនចាំ ស្លាកលេខ បានបើកបរក្នុងល្បឿនលឿនពីក្រោយគាត់ ទិសដៅស្របទិសគ្នា ដោយសារសម្លេងលឺ និងល្បឿនលឿនខ្លាំង គាត់បានអែបម៉ូតូទៅកៀន ស្រាប់តែឃើញរថយន្តបង្ក បើកទៅបុកម៉ូតូ១គ្រឿង ម៉ាក Suzuki Nex ពណ៌ស ពាក់ស្លាកលេខ ព្រៃវែង 1Q-7635 ពេញទំហឹង បណ្តាលឲ្យប្ដីប្រពន្ធ២នាក់ និងកូនវ័យប្រមាណជាង២ខួបម្នាក់ ប្លោងទៅបោកផ្ទប់ជាមួយដើមអំពិល បណ្ដាលអោយម្ដាយ និងកូនស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ ដោយឡែកបុរសជាប្ដីបានផុតដង្ហើមពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ  ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានទាក់ទងទៅមន្ត្រីជំនាញ ចុះមកធ្វើការវាស់វែង ព្រមទាំងយកម៉ូតូជនរងគ្រោះទៅរក្សាទុក រង់ចាំក្រុមគ្រួសារមកទទួល និងដាក់ពាក្យបណ្តឹងស្វែងរកជនបង្ក ចំណែកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ៕