• Cambodia Peace Channel

CPC-តុលាការសម្រេចឃុំខ្លួនជនបង្កបើកបររថយន្តម៉ាក់ JEEP ដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន

​ភ្នំពេញ ៖ នៅទីបំផុត ជន​បង្ក​​ជា​អ្នកបើកបរ​រថយន្ដ​ទំនើប​ម៉ាក Jeep ​ដែល​បុក​មនុស្ស​ស្លាប់​​នៅ​នឹងកន្លែង ត្រូវ​បាន​ចៅ​ក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធ​នាគារ​PJ​ជា​បណ្តោះអាសន្នហើយ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២​៣ ​នេះបើតាមការអោយដឹងពីលោកប៉េង ម៉េ​ង​គ័ង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ។

តំណាង​អយ្យការ​បាន​សម្រេច​បើក​ការ​ស៊ើបសួរ​លើ​ឈ្មោះ ព្រហ្ម វិចិត្រ​សុ​សក្តា ពី​បទ​.​បើកបរ​ដោយ​ធ្វេសប្រហែស ខ្ជីខ្ជារ មិន​ប្រុង​ប្រយ័ត្ន ឬ​មិន​គោរព​កាតព្វ​កិច្ច​ដែល​បទ​ប្បញ្ញត្តិ​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​បទ​រត់គេច​ខ្លួនតាម​មាត្រា៨៥នៃ​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក និង​មាត្រា៥៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។

គួររម្លឹកផងដែរថា កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី១៤ ខែធ្នូឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍បណ្ដាលអោយបុរសម្នាក់បានស្លាប់ បង្កឡើងដោយរថយន្តម៉ាកJeepមួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CB-9963 បានបុកជាមួយម៉ូតូ ម៉ាកហុងដាឃ្លីកពណ៌សមួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ-1DF-5396 ពេញទំហឹងត្រងចំណុចផ្លូវបំបែកជាបួន ស្ថិតនៅលើផ្លូវ៣១៧ កែងផ្លូវ៥៦៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះ មានឈ្មោះ សៀងគីមហុង ភេទប្រុស អាយុ២៩ឆ្នាំ រសនៅផ្ទះលេខ១១ ផ្លូវលេខ២៧ក្នុងភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ។ ដោយឡែកអ្នកបើករថយន្តបង្កបន្ទាប់ពីកើតហេតុរួច បានឡើងជិះរថយន្តមួយគ្រឿងទៀតរត់គេចខ្លួនបាត់ស្រមោលតែម្ដង ៕