• Cambodia Peace Channel

CPC-គ្រូបង្រៀនជាប់កិច្ចសន្យាក្នុងសាលាបឋមសិក្សា សុខសាន្ត សម្ដែងការមិនពេញចិត្ត បន្ទាប់ពីត្រូវបាននាយកសាលាបញ្ឈប់ពីការងារក្រោមហេតុផលថា មានវ័យចំណាស់

បន្ទាយមានជ័យ៖មានការចែករំលែកគ្នាយ៉ាងពាសពេញបណ្ដាញសង្គមជុំវិញសំណេរដ៏វែងអន្លាយរបស់ ស្រ្តីម្នាក់ដែលគេស្គាល់ថាជា គ្រូបង្រៀនជាប់កិច្ចសន្យាម្នាក់ នៅក្នុងសាលាបឋមសិក្សា សុខសាន្ត ពោលគឺអស់រយៈពេល១៦ឆ្នាំមកហើយ បានសម្ដែងការមិនពេញចិត្ត ចំពោះលោកនាយកសាលា ដែលបានបញ្ឈប់រូបគាត់ពីការងារក្រោមហេតុផលថា មានវ័យចំណាស់ ទៅហើយ។

នេះបើយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះ អឿ មុន្នី កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ បានបង្ហោះសំណេរដោយភ្ជាប់ជាមួយរូបភាពជាច្រើនសន្លឹក ដែលមានខ្លឹមសារទាំងស្រុងថា  សូមគោរព សម្តេច តេជោ ហ៊ុន សែន ជាទីគោរពដ៏ខ្ពង់ខ្ពស់ និង សូមគោរព សម្តេចធិបតីបវរ ហ៊ុន ម៉ាណែត ជាទីគោរពដ៏ខ្ពង់ខ្ពស់ នាងខ្ញុំឈ្មោះ អឿ មុន្នី នៅតែមិនអស់ចិត្ត ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្ម័គ្រចិត្តធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យា នៅសាលាបឋមសិក្សា សុខសាន្ត សង្កាត់ និមិត្ត ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ចាប់តាំងពីឆ្នាំ ២០០៦ ទទួលបានប្រាក់ខែ ១៣០០០០រៀលក្នុង1ខែ បង្រៀនរហូតដល់ឆ្នាំ២០២៣ ទទួលបានប្រាក់ក្នុង1ខែ១១២០០០០រៀល អស់រយះពេល ១៦ឆ្នាំ កន្លងមក នៅថ្ងៃទី២០ ខែ វិច្ឆិកា ឆ្នាំ២០២៣ លោកនាយកសាលា និងលោកខាងមន្ទីរអប់រំក្រុង បានបញ្ឈប់ នាងខ្ញុំលែងឲបង្រៀនជាគ្រូជាប់កិច្ចសន្យាបន្តទៀតហើយ មូលហេតុ ដោយគេលើកឡើងថា នាងខ្ញុំចាស់ហើយ ក៏ ប៉ុន្តែ បើសិនជាមានគ្រូក្របខណ្ឌចូលមក គេដកនាងខ្ញុំចេញក៏អស់ចិត្តដែរ តែលោកគ្រូនាយកសាលា បានដាក់ប្អូនប្រុសគាត់២ នាក់ ចូលមកធ្វើជាគ្រូបង្រៀនជាប់កិច្ចសន្យានៅសាលាបឋមសិក្សាក្នុងភូមិសុខសាន្ត ទៅវិញ ថែមទាំងពួកគាត់2នាក់នេះពុំមែនជាអ្នករស់នៅក្នុងភូមិសុខសាន្តនេះទេ ។

ជាមួយគ្នានេះ​លោកស្រីបានបន្តថា  បទចម្រៀងរបស់ អ្នកស្រី ហ៊ឹម ស៊ីវន ច្រៀងពិតជាមិនខុសទេ កាលនៅគ្រាក្រ គ្រូ ល្អនោះនៅឯណា លោកនាយក ធ្វើរបៀបនេះវាអយុតិ្តធម៌ចំពោះនាងខ្ញុំពេកហើយ សូម្បីតែសាលាគេដែលនៅជុំវិញភូមិយើង គេរក្សាគ្រូកិច្ចសន្យាចាស់ឲនៅដដែល លោកដឹងហើយ ថាខ្ញុំមានដៃតែម្ខាងពេលនេះលោកមកកាច់ឲបាក់ទាំង២ហើយ សូមបងប្អូនកូនចៅមេត្តាជួយស៊ែរឲច្រើនៗ ឲសម្តេច លោកបានឃើញផង អរគុណសន្តិភាព ៕