• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី

CPC-សូមប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាមឈ្មោះ Qdenga ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក

ភ្នំពេញ៖ក្រសួងសុខាភិបាលបានចេញ សេចក្តីប្រកាសព័ត៌មាន ស្តីពីការប្រុងប្រយ័ត្នក្នុងការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺគ្រុនឈាម ដែលពុំទាន់បានការទទួលស្គាល់ពីអង្គការសុខភាពពិភពលោក នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ

ខ្លឹមសារក្នុងលិខិតដដែលបានអោយដឹងថា បច្ចុប្បន្ននេះ វ៉ាក់សាំងបង្ការជំងឺ គ្រុនឈាមឈ្មោះ Qdenga កំពុងស្ថិតក្នុង ដំណាក់ កាលសិក្សាទី ៣ នៃដំណាក់កាលសិក្សាសរុបទាំង ៤ នៅឡើយ ខណៈអង្គការសុខភាពពិភពលោក (WHO) និង នាយកដ្ឋានចំណីអាហារ និងឱសថសហរដ្ឋអាមេរិក (FDA ) ក៏មិនទាន់ទទួល ស្គាល់វ៉ាក់សាំង Qdenga នៅឡើយដែរ។

បន្ថែមពីនេះទៅទៀត អង្គការសុខភាពពិភពលោក (WHO) ក៏បានព្រមានអំពីការប្រើប្រាស់ Qdenga ចំពោះអ្នកមិនធ្លាប់កើតជំងឺគ្រុនឈាមកន្លងមក វ៉ាក់សាំងនេះដើរតួនាទីជាការចម្លងជំងឺគ្រុនឈាមលើកទី១ ហើយនៅពេលបុគ្គលនេះកើតជំងឺគ្រុនឈាមម្ដងទៀត វាក្លាយទៅជាការកើតជំងឺគ្រុនឈាមលើកទី២ ដែលអាចនឹងវិវត្តទៅរកជំងឺគ្រុនឈាមធ្ងន់ធ្ងរ ។

ជាមួយគ្នានេះ ដើម្បីបង្ការការចម្លងជំងឺគ្រុនឈាម ក្រសួង សុខាភិបាល សូមអំពាវនាវដល់សាធារណជន រួមទាំងអាជ្ញាធរមូលដ្ឋាន ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវ ទឹកនៅតាមទីកន្លែង ដែលមានទឹកដក់ ដូចជា សំបកកង់ឡាន ម៉ូតូ ពាង សំបកដប កំប៉ុង ត្រឡោកដូង និងវត្ថុដក់ទឹកផ្សេងទៀត។ ក្នុងករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលនៅតាមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ជាបន្ទាន់៕