• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អគ្គិភ័យឆាបឆេះ អគារអតីតខារ៉ាអូខេយីហោ N8 KTV ផ្អើលទាំងកណ្ដាលរាត្រី

ភ្នំពេញ ៖អគ្គិភ័យឆាបឆេះ អគារអតីតខារ៉ាអូខេយីហោ  N8 KTV បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ ទាំងកណ្តាលអធ្រាត្រ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅចំណុច ក្បែរស្តុបអាងទឹក អូឡាំពិក ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា៖ មុនពេលកើតហេតុ គេបានឃើញផ្សែងហុយទ្រលោមយ៉ាងខ្មៅខ្មួល ចេញពីចំណុច KTV កើតហេតុខាងលើ។ មួយសន្ទុះក្រោយក៏កើតជាអគ្គិភ័យឆាបឆេះខ្លាំងឡើងៗ ឃើញដូចនេះ អ្នកឃើញហេតុការណ៍ បាន រាយការណ៍ដំណឹងនេះជូនសមត្ថកិច្ច ដើម្បីសុំជំនួយពីរថយន្តពន្លត់អគ្គិភ័យ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចជំនាញបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ​ បានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង ដើម្បីទៅជួយអន្តរាគមន៍​ផងដែរ​ ព្រមទាំងធ្វើការវាយបំបែកកញ្ចក់ និងវាយបំបែកជញ្ចាំង ដើម្បីចូលទៅបាញ់ពន្លត់ផ្នែកខាងក្នុង។

ជុំវិញករណីខាងលើនេះ រហូតដល់វេលា​ម៉ោង​៦:៤០នាទី​ព្រឹក​ ​ទើបកម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ពន្លត់​អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​បាញ់​ទឹក​ឆ្លងកាត់​ចូល​ក្នុង​បរិវេណ​ខាង​ក្នុង​ដោយ​គ្រប់គ្រង​បាន​ទាំងស្រុង​រយៈ​ពេល​៦ម៉ោង និង​ប្រើ​ប្រាស់​រថយន្ត​បាញ់​ទឹក​ជា​ច្រើន​គ្រឿង​ ៕