• Cambodia Peace Channel
#ព័ត៌មានជាតិ #ព័ត៌មានថ្មី #សន្តិសុខ​សង្គម

CPC-អាជ្ញាធរឆ្មក់បង្ក្រាបទីតាំងល្បែងឡូតូយីហោ 8888 ព្រមទាំងឃាត់ខ្លួនមនុស្សជាង១០នាក់

ភ្នំពេញ ៖ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះឆ្មុក់ចុះបង្ក្រាបទីតាំងដែលបើកល្បែងស៊ីសងប្រភេទឡូតូ តូចធំចំនួន ០២ទីតាំង និងឃាត់ខ្លួនមនុស្ស ជាង១០នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី ២៥ ខែមករាឆ្នាំ ២០២៤ នៅចំណុចទីតាំង តោះជុំគ្នាការហ្វ នៅតាមបណ្ដោយផ្លូវលេខ២៤២ សង្កាត់បឹងព្រលិតនិងមួយទីតាំងទៀតស្ថិតនៅទីតាំងយីហោ ឃ្វីន សាឡន មូលដ្ឋានសង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងរង្វង់ប្រតិបត្តិការនេះផងដែរដោយមានការដឹកនាំផ្ទាល់ដោយព្រះរាជអាជ្ញារង យស វាសនា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

តាមប្រភពពីមន្ត្រីជំនាញបានឲ្យដឹងថាក្នុងការចុះប្រតិបត្តិការនេះកម្លាំងជំនាញបានចុះចំនួន០២ ទីតាំង ដោយទីតាំងនីមួយៗបានបើកអាជីវកម្មប្រភេទឡូតូតូចធំ 8888 ក៏ប៉ុន្តែមន្ត្រីជំនាញមិនបានបញ្ជាក់ឲ្យស៊ីជម្រៅនោះទេថាល្បែងស៊ីសង ប្រភេទនេះមានច្បាប់ឬមិនមានច្បាប់អាជីវកម្មនោះឡើយ។

ក្នុងការចុះប្រតិបត្តិការនេះ មហាជនមានការងឿឆ្ងល់ផងដែរថាកន្លងមកអាជ្ញាធរបានអះអាងថា ល្បែងស៊ីសងប្រភេទឡូតូតូចធំ 8888 នេះថាមានច្បាប់អាជីវកម្មត្រឹមត្រូវ  ដោយមានឃើញមានការចុះបង្ក្រាបនោះឡើយ។ ស្រាប់តែ ពេលនេះ មន្ត្រីជំនាញនៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសល្បែង នៃក្រសួងមហាផ្ទៃ បានចុះមកបង្ក្រាបចំពោះល្បែងស៊ីសងប្រភេទឡូតូ 8888នេះ។

ជុំវិញករណីខាងលើនេះ មហាជនបានលើកឡើងបន្ថែមថាបើល្បែងស៊ីសងប្រភេទឡូតូ 8888នេះខុសច្បាប់មែន។ដូច្នេះ ទីតាំងល្បែងស៊ីសង់ប្រភេទនេះគឺមានច្រើនទីតាំងរីកដុះដាលពេញទីតាំងហាងកាហ្វេនិងភោជនីយដ្ឋានគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ៕